(ការ៉ាកាស់)៖ មេដឹកនាំបក្សប្រឆាំងវេណេស៊ុយអេឡា លោក Juan Guaido បានទទួលស្គាល់បរាជ័យក្នុងការធ្វើរដ្ឋប្រហារ បណ្ដេញលោក នីកូឡាស់ ម៉ាឌូរ៉ូ ចេញពីអំណាចកាលពីដើមសប្ដាហ៍កន្លងទៅ។ ប៉ុន្តែទន្ទឹមគ្នា បុរសវ័យ៣៥ឆ្នាំរូបនេះ ក៏បានសម្ដែងការស្វាគមន៍ផងដែរចំពោះការធ្វើអន្តរាគមន៍យោធារបស់សហរដ្ឋអាមេរិក ដើម្បីបិទបញ្ចប់វិបត្តិនៅក្នុងប្រទេស នាពេលបច្ចុប្បន្ន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន RT នៅថ្ងៃអាទិត្យ ទី០៥ ខែឧសភា ឆ្នាំ២០១៩។

ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយកាសែតអាមេរិក Washington Post កាលពីថ្ងៃសៅរ៍ លោក Guaido ក៏បានបញ្ជាក់ដែរ ថាបរាជ័យនៃការធ្វើរដ្ឋប្រហាររបស់លោកគឺដោយសារតែការមើលស្រាលពីចំនួនយោធាដែលគាំទ្រលោក ម៉ាឌូរ៉ូ។ លោក Guaido បានលើកឡើងដូច្នេះថា៖ «យើងពិតជាបានបរាជ័យក្នុងការធ្វើរដ្ឋប្រហារ...ហើយយើងទទួលស្គាល់បរាជ័យនេះ ប៉ុន្តែនេះប្រហែលមកពីយើងនៅត្រូវការកម្លាំងយោធា និងការគាំទ្រពីមន្ត្រីនានាបន្ថែមទៀត»

គួរបញ្ជាក់ថា បើតាមលោក Juan Guaido​ នៅក្នុងករណីដែលសហរដ្ឋអាមេរិកសម្រេចចិត្តធ្វើអន្តរាគមន៍យោធានៅ វេណេស៊ុយអេឡា នោះលោកសន្យាថានឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាពក្នុងការបញ្ចុះបញ្ចូលឱ្យសភាជាតិ ដឹកនាំដោយ បក្សប្រឆាំងរបស់លោកបោះឆ្នោតអនុម័តគាំទ្រលើវត្ថុបំណងនេះ។

តែយ៉ាងណាក៏ដោយ លោក Guaido បានអះអាងថារាល់ការធ្វើអន្តរាគមន៍យោធារបស់សហរដ្ឋអាមេរិក ត្រូវតែមានការចូលរួម
ពីយោធា ឬកងកម្លាំងវេណេស៊ុយអេឡា ដែលប្រឆាំងលោកម៉ាឌូរ៉ូ៕