(បង់ក្លាដែស)៖ អាជ្ញាធរបង់ក្លាដែសបានឱ្យដឹងថាព្យុះស៊ីក្លូន Fani បានបង្កការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរនៅក្នុងប្រទេស អាស៊ីខាងត្បូងមួយនេះ​ បន្ទាប់ពីវាបាន​វាយប្រហារលើប្រទេសឥណ្ឌា ដោយផ្ដាច់ជីវិតមនុស្ស១៦នាក់។ នេះបើតាម​ការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃអាទិត្យ ទី០៥ ខែឧសភា ឆ្នាំ២០១៩។

យោងតាមអាជ្ញាធរបង់ក្លាដែស ផ្ទះច្រើនជាង១,០០០ខ្នងរងការបំផ្លិចបំផ្លាញ និងភូមិជាច្រើនបានជន់លិចដោយសារតែទឹក ជំនន់បង្កឡើងដោយព្យុះ Fani ខណៈមនុស្ស៥នាក់ ក្នុងនោះរួមមានទំាងកុមារបានស្លាប់ ហើយ៦៣នាក់ផ្សេងទៀត រងរបួស។ លើសពីនេះទៅទៀត មនុស្សជាងមួយលាននាក់ត្រូវបានគេជម្លៀសទៅកាន់កន្លែងមានសុវត្ថិភាព និងកំពុង ត្រូវជំនួយជាបន្ទាន់។

គួរបញ្ជាក់ថា ព្យុះស៊ីក្លូន Fani ក៏បានផ្ដាច់ជីវិតមនុស្ស១៦នាក់ផងដែរ នៅពេលដែលវាបានវាយប្រហារនៅក្នុងប្រទេស ឥណ្ឌា កាលពីថ្ងៃសុក្រ។ ព្យុះស៊ីក្លូនមួយនេះ បានថមថយកម្លាំងបន្ទាប់ពីវាបានបក់បោកចេញពីប្រទេសឥណ្ឌា ទៅកាន់ បង់ក្លាដែស កាលពីថ្ងៃសៅរ៍ ប៉ុន្តែអាជ្ញាធរបង់ក្លាដែសនៅតែព្រួយបារម្ភថាវានឹងនៅតែមានឥទ្ធិពលបង្កជាគ្រោះទឹកជំនន់ ជន់លិចភូមិជាច្រើនដែលស្ថិតនៅតំបន់ឆ្នេរទាប៕