(ការ៉ាកាស់)៖ ឧទ្ធម្ភាគចក្រយោធាវេណេស៊ុយអេឡាមួយគ្រឿងបានធ្លាក់នៅក្បែររដ្ឋធានីការ៉ាកាស់ កាលពីព្រឹកថ្ងៃសៅរ៍ (ម៉ោងនៅក្នុងតំបន់) ដោយបានផ្ដាច់ជីវិតមនុស្សជិះនៅលើនោះទាំងអស់៧នាក់។ នេះបើតាមក្រសួងការពារជាតិដកស្រង់ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី០៥ ខែឧសភា ឆ្នាំ២០១៩។

ក្រសួងការពារជាតិវេណេស៊ុយអេឡា នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនបានឱ្យដឹងទៀតថា ឧទ្ធម្ភាគចក្រយោធាខាងលើ បានហោះចាកចេញពីទីក្រុងការ៉ាកាស់ឆ្ពោះទៅកាន់រដ្ឋ Cojedes។ ប៉ុន្តែមិនបានបញ្ជាក់ពីមូលហេតុធ្លាក់ឡើយ ដោយគ្រាន់តែនិយាយថាការស៊ើបអង្កេតមួយកំពុងធ្វើឡើង។

គួរបញ្ជាក់ថា ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ កាលពីថ្ងៃសៅរ៍ ក៏កំពុងស្ថិតនៅក្នុងរដ្ឋ Cojedes ដែរ ដើម្បីពិនិត្យការធ្វើសមយុទ្ធយោធាមួយដែលធ្វើឡើងក្នុងគោលបំណងបង្ហាញពីសមត្ថភាពយោធាវេណេស៊ុយអេឡា ក្នុងការទប់ស្កាត់ការធ្វើរដ្ឋប្រហារ និងការគំរាមកំហែងនានាពីសំណាក់សហរដ្ឋអាមេរិក៕