(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ កំពុងមានមន្ទិលសង្ស័យ ចំពោះភាពគួរឲ្យទុកចិត្តបាននៃព័ត៌មានសម្ងាត់ ដែលទីក្រុងវ៉ាស៊ីនតោនទទួលបាន ទាក់ទងទៅនឹងស្ថានការណ៍ក្នុង ប្រទេសវេណេស៊ុយអេឡា។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNN នៅរសៀលថ្ងៃសៅរ៍ ទី០៤ ខែឧសភា ឆ្នាំ២០១៩។

CNN ដែលផ្អែកលើប្រភពមិនបញ្ចេញអត្តសញ្ញាណបានរាយការណ៍ថា លោក ដូណាល់ ត្រាំ បានចាប់ផ្តើមមានមន្ទិលសង្ស័យបែបនេះ ដោយសារការបះបោរយោធា ដែលមេដឹកនាំប្រឆាំងវេណេស៊ុយអេឡាលោក ហ្ស៊ន ហ្គៃដូ (Juan Guaido) រួមនិងមន្រ្តី អាមេរិកខ្លះបានដាក់ក្តីរំពឹងលើនោះ មិនអាចទទួលជោគជ័យតាមបំណងរបស់ពួកគេ។

ព្រោះតែបញ្ហាខាងលើនេះហើយ ទើបលោក ដូណាល់ ត្រាំ ងាកទៅចោទជាសំណួរលើ ក្រុមមន្ត្រីទទួលបន្ទុកស៊ើបការណ៍សម្ងាត់របស់អាមេរិក ដែលកន្លងមកបានអះអាងនូវ ព័ត៌មានសម្ងាត់ដ៏គួរឲ្យភ្ញាក់ផ្អើលមួយថា ក្រុមមន្រ្តីជាន់ខ្ពស់ ដែលជិតស្និទ្ធនឹងប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ ត្រៀមខ្លួនរួចស្រេចដើម្បីងាកទៅប្រឆាំងមេដឹកនាំរូបនេះ ប៉ុន្តែជាក់ស្តែងនៅពេលរដ្ឋប្រហារទ្រង់ទ្រាយតូចផ្ទុះឡើង ពួកគេនៅតែបង្ហាញភាពស្មោះត្រង់ និងការពារលោក ម៉ាឌូរ៉ូ ដោយឥតងាករេទៅវិញ។

គួរបញ្ជាក់ថា ក្រោយរដ្ឋប្រហារបរាជ័យ ព័ត៌មានសម្ងាត់មួយត្រូវបានគេទម្លាយចេញមកថា ទីក្រុងវ៉ាស៊ីនតោនបានលួចចរចាសម្ងាត់ ជាមួយរដ្ឋមន្រ្តីការពារជាតិវេណេស៊ុយអេឡា ដើម្បីចាត់ការលោក ម៉ាឌូរ៉ូ ក្នុងអំឡុងការធ្វើបះបោរដោយកម្លាំងយោធា កាលពីថ្ងៃអង្គារសប្តាហ៍នេះ ប៉ុន្តែចលនានោះមិនបានទទួលជោគជ័យឡើយ ដោយសារតែ ប្រមុខការពារជាតិវេណេស៊ុយអេឡា ហាក់នៅតែស្មោះស្ម័គ្រនឹងលោក ម៉ាឌូរ៉ូ ដដែល៕