(ញូដេលី)៖ មនុស្សចំនួន០៩នាក់ហើយបានបាត់បង់ជីវិត បន្ទាប់ពីព្យុះស៊ីក្លូនដ៏មានឥទ្ធិពលមួយមានឈ្មោះថា Fani បានបោកបក់​សង្រ្គប់មកលើរដ្ឋ Odisha ភាគខាងកើតប្រទេសឥណ្ឌានាថ្ងៃសុក្រម្សិលមិញនេះ ហើយបន្តឆ្ពោះទៅបង់ក្លាដែស។ នេះបើតាមការ​ដក​ស្រង់ការផ្សាយចេញពីសារ​ព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសៅរ៍ ទី០៤ ខែឧសភា ឆ្នាំ២០១៩។

នៅពេលព្យុះស៊ីក្លូន Fani មកដល់តំបន់ភាគខាងកើតប្រទេសឥណ្ឌា មនុស្សយ៉ាងតិចចំនួន០៨នាក់បានស្លាប់ ហើយពេលទៅដល់​​បង់ក្លាដែស ក៏មានការបាត់បង់ជីវិតមនុស្សម្នាក់ទៀត។ ក្រៅពីបង្កឲ្យមានមនុស្សស្លាប់ ព្យុះកំណាចនេះក៏បានបណ្តាលឲ្យដើម​ឈើ​ជាច្រើនដួលរលំ ព្រមទាំងកាត់ផ្តាច់បណ្តាញផ្គត់ផ្គង់អគ្គិសនី ទឹកប្រើប្រាស់ និងទូរគមនាគមន៍ ហើយបង្កឲ្យមានទឹកជន់ថែមទៀតផង។ រីឯប្រជាជនឥណ្ឌា​និងបង់ក្លាដែសជាច្រើននាក់ ដែលរស់នៅតាមតំបន់រងឥទ្ធិពល សុទ្ធតែត្រូវបានជម្លៀសចេញទៅកាន់ទីជ្រកកោនសុវត្ថិភាព។

គួរជម្រាបថា នេះជាព្យុះស៊ីក្លូនដែលមានកម្លាំងខ្លាំងបំផុត មិនធ្លាប់វាយប្រហារលើប្រទេសឥណ្ឌានោះឡើយ ក្នុងរយៈ​ពេល​២០ឆ្នាំ​មក​នេះ៕