(សេអ៊ូល)៖ នាព្រឹកថ្ងៃសៅរ៍នេះ កូរ៉េខាងជើងបានបាញ់មីស៊ីលរយៈចម្ងាយខ្លីមួយគ្រាប់ ចេញពីទីក្រុង Wonsan ដែលស្ថិតនៅឆ្នេរ ខាងកើតប្រទេសឆ្ពោះទៅកាន់សមុទ្រជប៉ុន (ឬហៅថាសមុទ្រខាងកើត)។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារ ព័ត៌ មានកូរ៉េខាងត្បូង យ៉ុនហាប់ នៅព្រឹកថ្ងៃសៅរ៍ ទី០៤ ខែឧសភា ឆ្នាំ២០១៩។

ដោយផ្អែកលើប្រភពយោធាកូរ៉េខាងត្បូង ការបាញ់មីស៊ីលនេះបានប្រព្រឹត្តទៅកាលពីវេលាម៉ោងខ្ទង់ជា០៩៖០០នាទីព្រឹក (ម៉ោងក្នុងតំបន់) ហើយខណៈនេះក្រុមយោធាកូរ៉េខាងត្បូងនិងអាជ្ញាធរអាមេរិក កំពុងតែសហការគ្នាវិភាគដើម្បីកំណត់ព័ត៌មានលម្អិតរបស់គ្រាប់ មីស៊ីលដែលបានបាញ់។

គួរជម្រាបថា បើពិតជាមានការបាញ់មីស៊ីលមែននោះ វានឹងជាលើកទីមួយហើយសម្រាប់កូរ៉េខាងជើង ព្រោះប៉ុន្មានឆ្នាំចុងក្រោយ នេះ គឺពុំមានសកម្មភាពបង្កហេតុតាមរយៈធ្វើតេស្តមីស៊ីលពីសំណាក់ទីក្រុងព្យុងយ៉ាងឡើយ នៅក្រោមកិច្ចប្រឹងប្រែងចរចារក សន្តិភាពនៅលើឧបទ្វីបកូរ៉េជាមួយកូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិក។ ប៉ុន្តែបច្ចុប្បន្ន កិច្ចប្រឹងប្រែងនេះ ហាក់កំពុងស្ថិតក្នុងសភាព ជាប់គាំង ចាប់តាំងតែពីជំនួបកំពូលលើកទីពីរវាងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានទទួលបរាជ័យនៅប្រទេសវៀតណាម កាលពីចុងខែកុម្ភៈកន្លងទៅ៕