(ការ៉ាកាស់)៖ ចៅក្រមនៃតុលាការវេណេស៊ុយអេឡា បានបង្គាប់ឱ្យចាប់ខ្លួនមេដឹកនាំបក្សប្រឆាំង លោក លីអូផូលដូ ឡូប៉េស (Leopoldo Lopez) បន្ទាប់ពីលោកបានចូលរួមក្នុងការប៉ុនប៉ងធ្វើរដ្ឋប្រហារ និងរំលោភសម្រេចក្ដីសម្រេចរបស់តុលាការ ដែលឃុំខ្លួនរូបលោកនៅក្នុងផ្ទះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃសុក្រ ទី០៣ ខែឧសភា ឆ្នាំ២០១៩។

បន្ថែមពីលើនេះ តុលាការក៏បានបង្គាប់ឱ្យលោក Lopez បន្តទទួលការអនុវត្តទោសជាប់ពន្ធនាគារ ១៣ឆ្នាំផងដែរ។ លោក Lopez ត្រូវបានតុលាការផ្ដន្ទាទោសពីបទទទួលខុសត្រូវ និងដឹកនាំបាតុកម្មតវ៉ាដ៏ហិង្សាកាលពីឆ្នាំ២០១៤ ដែលបណ្ដាលឱ្យមនុស្ស ច្រើនជាង ៤០នាក់បាត់បង់ជីវិត។

គួរបញ្ជាក់ថា កាលពីថ្ងៃអង្គារកន្លងទៅ លោក Leopoldo Lopez បានបង្ហាញខ្លួននៅឯមូលដ្ឋានទ័ពអាកាសមួយ នៃភាគខាងកើតទីក្រុងការ៉ាកាស់ ជាមួយមេដឹកនាំបក្សប្រឆាំងម្នាក់ទៀត គឺលោក ហ្ស៊ន ហ្គៃដូ (Juan Guaido) ដែលបានប្រកាសពីការអនុវត្តផែនការធ្វើរដ្ឋប្រហារ ដើម្បីបណ្ដេញលោក នីកូឡាស់ ម៉ាឌូរ៉ូ ចេញពីអំណាចជាមួយការអំពាវនាវឱ្យប្រជាជន និងយោធាទាំងអស់ ចូលរួមជាមួយនឹងលោក។

បន្ថែមពីខាងលើនេះទៀត លោក Lopez បានអះអាងទៀតថា លោកត្រូវបានយោធាផ្ដាច់ខ្លួនមួយក្រុមដោះលែងចេញពី ផ្ទះរបស់លោកតាមបញ្ជាលោក Guaido ខណៈមានសេចក្ដីរាយការណ៍ថា លោកបានសុំជ្រកកោននៅក្នុងស្ថានទូត អេស្ប៉ាញប្រចាំទីក្រុងការ៉ាកាស់៕