(វ៉ាស៊ីនតោន)៖ ហេតុការណ៍បាញ់ប្រហារមនុស្សម្នា បានកើតមានឡើង នៅក្នុងសាកលវិទ្យាល័យនៃរដ្ឋ ណតស៍ ខារ៉ូលីណា (North Carolina) សហរដ្ឋអាមេរិក ដែលបានបណ្តាលឲ្យមនុស្ស ០២នាក់ស្លាប់ និងយ៉ាងតិច ០៤នាក់ទៀតរងរបួស។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CGTN នៅព្រឹកថ្ងៃពុធ ទី០១ ខែឧសភា ឆ្នាំ២០១៩។

មនុស្សចំនួន ០២នាក់ ត្រូវអាជ្ញាធរអាមេរិកបញ្ជាក់ឲ្យដឹងថា បានបាត់បង់ជីវិតនៅកន្លែងកើតហេតុ ស្របពេលដែល ០៤នាក់ទៀតបានរងរបួស ក្នុងនោះ០២នាក់របួសធ្ងន់ និង០២នាក់របួសស្រាល ក្រោយមានករណីបាញ់ប្រហារផ្ទុះឡើងនៅ ឯសាកលវិទ្យាល័យ University of North Carolina។ ជនសង្ស័យម្នាក់ក៏ត្រូវបានចាប់ខ្លួនផងដែរ ខណៈមិនទាន់ដឹង ច្បាស់ពីមូលហេតុ ដែលនាំឲ្យឈានទៅដល់ការបាញ់សម្លាប់មនុស្សនេះនៅឡើយទេ។

គួរជម្រាបថា ប៉ុន្មានថ្ងៃចុងក្រោយនេះ ករណីបាញ់ប្រហារមនុស្សហាក់ បានកើតមានឡើងជាញឹកញាប់ជាងមុន បន្ទាប់ពីមានការស្ងប់ស្ងាត់យូរគ្រាន់បើ តួយ៉ាងកាលពីចុងសប្តាហ៍មុននេះ មានការបាញ់ប្រហាររហូតដល់ពីរករណី ដែលបានបណ្តាលឲ្យមនុស្ស ០៤នាក់ស្លាប់ និង០៩នាក់របួសនៅក្នុងរដ្ឋចំនួនពីរ ក្នុងនោះមួយករណី គឺជាករណីបាញ់ប្រហារលើទីសក្ការៈជនជាតិជ្វីប៕