ក្រោយបង្ក្រាបកងទ័ពបះបោរបានសម្រេច លោក ម៉ាឌូរ៉ូ បង្កើតក្រុមស៊ើបអង្កេតពិសេស ខណៈមនុស្សមួយចំនួនកំពុងស្ថិតក្នុងការសួរចម្លើយ (Video inside)

01-05-2019 10:16

(ម៉ូស្គូ)៖ ក្រោយពីបង្រ្កាបការប៉ុនប៉ងរដ្ឋប្រហារ របស់យោធាមួយក្រុមដោយជោគជ័យ ប្រធានាធិបតីវេណេស៊ុយអេឡាលោក នីកូឡាស់ ម៉ាឌូរ៉ូ បានឲ្យដឹងថា ក្រុមរដ្ឋអាជ្ញាត្រូវបានតែងតាំង ដើម្បីឲ្យបើកការស៊ើបអង្កេតលម្អិតទៅលើទង្វើនេះ ហើយលោកបានបន្ថែមទៀតថា មនុស្សមួយចំនួន ក៏កំពុងស្ថិតក្រោមការសួរចម្លើយផងដែរ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មាន Sputnik នៅព្រឹកថ្ងៃពុធ ទី០១ ខែឧសភា ឆ្នាំ២០១៩។

ជាមួយវត្តមានរបស់រដ្ឋមន្រ្តីការពារជាតិវេណេស៊ុយអេឡា លោក វ្ល៉ាឌីមៀ ផាទ្រីណូ (Vladimir Padrino) និងប្រធានសភាធម្មនុញ្ញលោក ឌីយ៉ូដាឌូ ខាប៊ែលឡូ (Diosdado Cabello) លោក ម៉ាឌូរ៉ូ បានបញ្ជាក់ថា រដ្ឋប្រហារខាងលើត្រូវបានដឹកនាំដោយ លោក លីអូផូលដូ ឡូប៉េស (Leopoldo Lopez) ដែលជាមេក្រុមប្រឆាំងមួយរូបដែរ នៅប្រទេសវេណេស៊ុយអេឡា។

គួរជម្រាបថា នាថ្ងៃអង្គារសប្តាហ៍នេះ (ពេលវេលានៅវេណេស៊ុយអេឡា) មេបក្សប្រឆាំងវេណេស៊ុយអេឡា លោក ហ្ស៊ាន ហ្គៃដូ (Juan Guaido) ដែលមានសហរដ្ឋអាមេរិកជាខ្នងបង្អែកបានប្រកាសថា លោកបាន ចាប់ផ្ដើមអនុវត្តន៍ដំណាក់កាលចុងក្រោយ នៃផែនការទម្លាក់លោក ម៉ាឌូរ៉ូ ចេញពីតំណែងនៅក្នុងវីដេអូថតជាមួយយោធាមួយក្រុម ហើយក្រោយមកទើបមានការងើបបះបោរនៃយោធាមួយក្រុម ដែលបានដណ្តើមកាន់កាប់តំបន់មួយ ស្ថិតនៅជាយរដ្ឋធានីការ៉ាកាស់ កាលពីព្រឹកថ្ងៃអង្គារ៕