(តូក្យូ)៖ ថ្ងៃពុធនេះ ព្រះអង្គម្ចាស់ Naruhito ដែលត្រូវជាព្រះបុត្រាច្បងរបស់អតីតព្រះចៅអធិរាជជប៉ុន Akihito ដែលបានសម្រេចដាក់ រាជ្យជាផ្លូវការកាលពីម្សិលមិញ បានក្លាយជាព្រះចៅអធិរាជថ្មីនៃប្រទេសជប៉ុនហើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មាន Al Jazeera នៅព្រឹកថ្ងៃពុធ ទី០១ ខែឧសភា ឆ្នាំ២០១៩។

ការឡើងស្នងរាជ្យនេះត្រូវបានធ្វើឡើង ក្នុងពិធីមួយដែលរៀបចំនៅមហាវិមាន នៃព្រះរាជវាំងជប៉ុន ក្នុងទីក្រុងតូក្យូ ជាទីដែលពិធីដាក់ រាជ្យរបស់អតីត ព្រះចៅអធិរាជ Akihito ត្រូវបានរៀបចំឡើងដូចគ្នា ខណៈពិធីទាំងពីរសុទ្ធតែមានរយៈពេលខ្លីៗ ពោលគឺត្រឹមតែ ប៉ុន្មាននាទីប៉ុណ្ណោះ។ សករាជថ្មីនៅក្រោមការព្រះចៅអធិរាជ Naruhito ហៅថា Reiwa ដែលបានចាប់ផ្តើមកាលពីយប់រំលងអធ្រាត្រ ថ្ងៃពុធនេះ ខណៈសករាជចាស់ Heisei បានបញ្ចប់ទៅកាលពីម្សិលមិញ ក្រោយរយៈពេល៣០ឆ្នាំ។

គួរជម្រាបថា ចាប់ពីពេលនេះទៅ ព្រះចៅ Naruhito គឺជាព្រះចៅអធិរាជទី១២៦នៃប្រទេសជប៉ុន។ ទ្រង់បានទទួលការអប់រំនៅសាកល វិទ្យាល័យដ៏ល្បីរបស់ចក្រភពអង់គ្លេស Oxford និងបានក្លាយជាព្រះរាជទាយាទជប៉ុន នៅព្រះជន្ម២៨ព្រះវស្សា ខណៈបច្ចុប្បន្នទ្រង់ មានព្រះជន្ម៥៩ព្រះវស្សា។ មហេសីទ្រង់មានព្រះនាមថា Masako Owada ហើយទ្រង់ទាំងពីរមានបុត្រតែមួយអង្គប៉ុណ្ណោះ និងជាបុត្រី ថែមទៀត គឺព្រះនាងម្ចាស់ Aiko មានព្រះជន្ម១៧ព្រះវស្សា៕