(ការ៉ាកាស់)៖ អនុប្រធានាធិបតីវេណេស៊ុយអេឡា លោកស្រី Delcy Rodríguez បានអះអាងថា មានករណីប៉ុនប៉ងធ្វើរដ្ឋប្រហារមួយកើតឡើងជាថ្មីទៀត ដោយក្រុមយោធាស្តាំនិយមមួយក្រុម បានទន្ទ្រានចូលកាន់កាប់តំបន់មួយឈ្មោះ Altamira ស្ថិតនៅក្បែររដ្ឋធានីការ៉ាកាស់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី RT នៅមុននេះបន្តិចនាល្ងាចថ្ងៃអង្គារ ទី៣០ ខែមេសា ឆ្នាំ២០១៩។

លោកស្រីអនុប្រធានាធិបតីបានបញ្ជាក់ទៀតថា ក្រុមយោធាបះបោរខាងលើនេះ មានចំនួនមួយក្តាប់តូចប៉ុណ្ណោះ ហើយកងកម្លាំងរដ្ឋាភិបាលកំពុងតែរៀបចំបង្ក្រាបពួកគេ​ផងដែរ។ គេនៅមិនទាន់ដឹងអំពីស្ថានការណ៍វិវឌ្ឍន៍បន្ថែមទៀតឡើយ ប៉ុន្តែអំពើបះបោរខាងលើនេះ បានកើតមានឡើងបន្ទាប់ពី​មេបក្សប្រឆាំងលោក Juan Guaido បានប្រកាសថា មានយោធាត្រៀមងើបបះបោរ ដើម្បីទម្លាក់រដ្ឋាភិបាលលោក នីកូឡាស់ ម៉ាឌូរ៉ូ ចេញពីអំណាច។

បន្ថែមពីនេះនៅមុននេះបន្តិច រដ្ឋមន្ត្រីក្រសួងការពារជាតិវេណេស៊ុយអេឡា ក៏បានចេញមុខប្រកាសផងដែរថា កងទ័ពវេណេស៊ុយអេឡាទាំងអស់ គឺស្ថិតនៅជាមួយ​លោក ម៉ាឌូរ៉ូ ដែលជាប្រធានាធិបតីស្របច្បាប់ជានិច្ច និងបានហៅមេបក្សប្រឆាំងលោក Juan Guaido ថាជាជនក្បត់ផងដែរ៕