(វ៉ាស៊ីនតោន)៖ យោងតាមសេចក្តីរាយការណ៍ព័ត៌មានមួយរបស់កាសែត The New Yorker អតីតរដ្ឋមន្រ្តីការពារជាតិអាមេរិក លោក ចេមស៍ ម៉ាត់ទីស (James Mattis) កាលពេលនៅកាន់តំណែង គឺធ្លាប់មិនអនុវត្តន៍តាមបទបញ្ជារបស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ ពាក់ព័ន្ធទៅនឹហបញ្ហាកូរ៉េខាងជើង ព្រមទាំងអ៊ីរ៉ង់ និងស៊ីរីផងដែរ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃអង្គារ ទី៣០ ខែមេសា ឆ្នាំ២០១៩។

យោងតាមសេចក្តីរាយការណ៍ខាងលើ កាលពីឆ្នាំ២០១៧ ក្រោយមានការធ្វើតេស្តបាញ់មីស៊ីលផ្លោង ជាបន្តបន្ទាប់របស់កូរ៉េខាងជើង លោក ត្រាំ បានបង្គាប់ក្រសួងការពារជាតិ អាមេរិកឲ្យចាប់ផ្តើមនាំប្តី ឬប្រពន្ធព្រមទាំងកូនៗ របស់កងទ័ពអាមេរិកចេញពីកូរ៉េខាងត្បូង តែលោក Mattis មិនបានធ្វើតាមឡើយ។

ក្រៅពីកូរ៉េខាងជើង អតីតប្រមុខការពារជាតិអាមេរិករូបនេះ ក៏បានមិនគោរពតាមបទបញ្ជា របស់លោក ដូណាល់ ត្រាំ ដើម្បីបញ្ចៀសការផ្ទុះឡើងនៃជម្លោះ នៅតំបន់មជ្ឈិមបូព៌ាផងដែរ។ បើតាមប្រភពដដែល លោក James Mattis ក៏ទំនងជាបានព្យាយាមដាក់កំហិត លើព័ត៌មានសម្រាប់លោក ត្រាំ ថែមទៀតផង ដើម្បីបង្កាកុំឲ្យលោកប្រធានាធិបតីអាមេរិក ធ្វើការសម្រេចចិត្តមិនត្រឹមត្រូវ។

គួរជម្រាបថា លោក Mattis បានលាលែងពីតំណែងជារដ្ឋមន្រ្តីការពារជាតិអាមេរិក កាលពីខែធ្នូ ឆ្នាំ២០១៨ តែមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពីលោក ដូណាល់ ត្រាំ បានប្រកាសអំពីគម្រោងដកកងទ័ពចេញពីស៊ីរី ព្រោះរូបលោកបានជំទាស់នឹងរឿងនេះ៕