(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានធ្វើការបោះជំហាន​ថ្មីមួយទៀត ដោយស្នើទៅកាន់ព្រឹទ្ធសភាអាមេរិកឲ្យគិតគូរ ផ្តល់សច្ចាប័នដល់លើពិធីសារសន្និសញ្ញា ដើម្បីដាក់បញ្ចូលប្រទេសម៉ាសេដូនៀខាងជើង (North Macedonia) ជាសមាជិកទី ៣០ នៃអង្គការ NATO។ នេះបើតាមការចេញផ្សាយ​ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាព្រឹកថ្ងៃអង្គារ ទី៣០ ខែមេសា ឆ្នាំ២០១៩។

យោងតាមសេតវិមាន លោក ដូណាល់ ត្រាំ បានសរសេរលិខិតមួយផ្ញើទៅកាន់​ព្រឹទ្ធសភាអាមេរិករួចរាល់ហើយ ដើម្បីស្នើសុំឲ្យមានការធ្វើបច្ចាប័ន និងអនុម័តពីសភាជាន់ខ្ពស់នេះ ទៅលើពិធីសារសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) ដែលអាចឈានទៅដល់ការ​ដាក់បញ្ចូល សាធារណរដ្ឋម៉ាសេដូនៀខាងជើង ជាសមាជិកទី ៣០ នៃអង្គការ NATO។

គួរបញ្ជាក់ថា ការដាក់បញ្ចូលប្រទេសម៉ាសេដូនៀខាងជើង ជាសមាជិកថ្មីនេះគឺស្ថិតនៅក្នុង​គោលនយោបាយរបស់រដ្ឋបាលលោក ដូណាល់ ត្រាំ ដែលអាចជាការបង្កើនអ្នកជួយចេញ​ថ្លៃចាយវាយបន្ថែមទៀតនៅក្នុងអង្គការ NATO ដែលត្រូវបានបង្កើតឡើង ដើម្បីទប់ទល់ឥទ្ធិពលរបស់​រុស្ស៊ីនោះ។ North Macedonia គឺជាប្រជាជាតិមួយស្ថិតនៅក្នុងតំបន់អឺរ៉ុបខាងកើត ដែលមានព្រំដែនជាប់ប្រទេសក្រិក ប៊ុលហ្គារី កូសូវ៉ូ ស៊ែប៊ី និងអាល់បានី៕