(វ៉ាស៊ីនតោន)៖ យោធាអាមេរិកបានឱ្យដឹងថាខ្លួនបានបញ្ជូននាវាពិឃាត២គ្រឿងឱ្យទៅធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ កាលពីថ្ងៃអាទិត្យ ខណៈមន្ទីរបញ្ចកោណកំពុងបង្កើនសកម្មភាពនាវាចរនៅក្នុងតំបន់ផ្លូវទឹកយុទ្ធសាស្ត្រដ៏សំខាន់មួយនេះ បើទោះជាមានការប្រឆាំងជំទាស់យ៉ាងខ្លាំងពីចិនក៏ដោយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៩ ខែមេសា ឆ្នាំ២០១៩។

យោងតាមសេចក្ដីថ្លែងការណ៍របស់យោធាអាមេរិក នាវាពិឃាតទាំង២ខាងលើមានឈ្មោះថា William P. Lawrence និង Stethem។ សេចក្ដីថ្លែងការណ៍ដដែលបានបញ្ជាក់បន្ថែមដូច្នេះថា៖ « ការធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់បានបង្ហាញពី ការប្ដេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកក្នុងការការពារសេរីភាពនាវាចរ និងការបើកចំហតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក»

គួរបញ្ជាក់ថា កាលពីសប្ដាហ៍មុន ទីក្រុងប៉េកាំងក៏បានសម្ដែងការជំទាស់យ៉ាងខ្លាំងផងដែរ ក្រោយនាវាចម្បាំងបារាំងមួយ គ្រឿងបានធ្វើឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ដោយចាត់ទុកថានេះគឺជាទង្វើខុសច្បាប់៕