(ហ្សាការតា)៖ មនុស្សសរុបចំនួន១២នាក់បានបាត់បង់ជីវិត និង០៨នាក់បាត់ខ្លួន ខណៈប្រជាជនជិត១៥,០០០ត្រូវបានជម្លៀសខ្លួន ខណៈដែលគ្រោះទឹកជំនន់និងបំណាក់ដី បានវាយលុករដ្ឋធានីហ្សាការតា ព្រមទាំងខេត្ត Bengkulu នៅឯតំបន់ភាគខាងលិចនៃប្រទេសឥណ្ឌូណេស៊ី។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃអាទិត្យ ទី២៨ ខែមេសា ឆ្នាំ២០១៩។

បើតាមការបញ្ជាក់ពីអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌូណេស៊ី ១០នាក់ក្នុងចំណោមអ្នកបាត់បង់ជីវិត ព្រមទាំង០៨នាក់ ដែលបាត់ខ្លួន សុទ្ធតែស្ថិតក្នុងខេត្ត Bengkulu ដែលបានទទួលរងការវាយប្រហារពីគ្រោះទឹកជំនន់ និងគ្រោះរអិលបាក់ដីបន្តបន្ទាប់ ចាប់តាំងពីថ្ងៃសុក្រសប្តាហ៍នេះ ក្រោយមានការធ្លាក់ភ្លៀងយ៉ាងជោគជាំ។ ក្រៅពីមនុស្សបាត់បង់ជីវិត គ្រោះធម្មជាតិទាំងនេះ ក៏បានបង្កការបំផ្លិចបំផ្លាញដល់លំនៅឋាន១៨៤ខ្នង សាលារៀន០៤ខ្នង និងហេដ្ឋារចនាសម្ព័ន្ធដទៃទៀត រួមមានផ្លូវថ្នល់និងស្ពានជាដើមផងដែរ។

គួរជម្រាបថា ប្រទេសឥណ្ឌូណេស៊ី ជារឿយៗតែងទទួលរងការវាយប្រហារពីទឹកជំនន់ និងបំណាក់ដី ឲ្យតែពេលមានភ្លៀងធ្លាក់ខ្លាំងម្តងៗ៕