(ញូដេលី)៖ មេទ័ពឥណ្ឌាចូលនិវត្តន៍ លោក VK Singh ដែលបច្ចុប្បន្នកាន់តួនាទីជាមន្រ្តីជាន់ខ្ពស់នៃក្រសួងការបរទេសឥណ្ឌា បានលើកឡើងថា ប្រទេសប៉ាគីស្ថានគ្មានថ្ងៃអាចធ្វើជាមិត្តជិតខាងរបស់ឥណ្ឌាបាននោះឡើយ។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃអាទិត្យ ទី២៨ ខែមេសា ឆ្នាំ២០១៩។

លោក Singh បាននិយាយដូច្នេះថា «ខ្ញុំលឺថាបេក្ខភាពឈរឈ្មោះបោះឆ្នោតរបស់ក្រុមប្រឆាំង នៅតាមតំបន់ព្រំដែន Rajasthan បានអះអាងថា ប៉ាគីស្ថានពុំមែនជាការគំរាមកំហែងសម្រាប់ឥណ្ឌាឡើយ ហេតុដូចនេះ មិនគួរត្រូវចាត់ទុកដូចជាសត្រូវនោះទេ។ យ៉ាងណាមិញ ប្រទេសដែលបានបន្តធ្វើសង្រ្គាមដោយប្រយោលប្រឆាំងនឹងឥណ្ឌា ហើយជាជម្រករបស់ក្រុមភេរវករទៀតនោះ គឺមិនអាចចាត់ទុកឬយកជាមិត្តបានដាច់ខាត ដោយការចាត់ទុកប្រទេសប៉ាគីស្ថានប្រៀបដូចជាមិត្ត នឹងក្លាយជាចំណុចខ្សោយធំបំផុតរបស់ឥណ្ឌា»

គួរជម្រាបថា បញ្ហាវិវាទរវាងប្រទេសក្បែរខាងទាំងពីរ ដែលសុទ្ធតែមានអាវុធនុយក្លេអ៊ែរក្នុងដៃរៀងខ្លួននេះ បានចាប់ផ្តើមជួបភាពតានតឹងខ្លាំងសាជាថ្មី ក្រោយមានការវាយប្រហារអត្តឃាតដោយក្រុមសកម្មប្រយុទ្ធ Jaish-e-Mohammad ដែលមានមូលដ្ឋាននៅប៉ាគីស្ថាន កាលពីថ្ងៃទី១៤ ខែកុម្ភៈ ដែលបណ្តាលឲ្យកងទ័ពឥណ្ឌាជាង៤០នាក់ស្លាប់៕