(កូឡុំបូ)៖ ក្រុមភេរវករ ISIS បានចេញមុខអះអាងថា ជនសង្ស័យ៣នាក់ដែលបានបំផ្ទុះខ្លួនឯង អំឡុងការប៉ះទង្គិចគ្នាជាមួយប៉ូលិសស្រីលង្កា នៅភាគខាងកើតប្រទេស គឺជាអ្នកប្រយុទ្ធរបស់ពួកគេ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានបារាំង AFP នៅរសៀលថ្ងៃអាទិត្យ ទី២៨ ខែមេសា ឆ្នាំ២០១៩។

នាថ្ងៃសៅរ៍សប្តាហ៍នេះ ក្នុងប្រតិបត្តិការចុះឆែកឆេរមួយ ក្រោយករណីបំផ្ទុះគ្រាប់បែកយ៉ាងកក្រើកកាលពីថ្ងៃអាទិត្យសប្តាហ៍មុន ការប៉ះទង្គិចគ្នាដោយអាវុធបានកើតមានឡើងនៅទីក្រុង Kalmunai ភាគខាងកើតប្រទេសស្រីលង្ការវាងកម្លាំងប៉ូលិសស្រីលង្កា និងជនមួយក្រុមសង្ស័យជាបណ្តាញ ISIS ហើយប្រហែលមួយម៉ោងក្រោយមក ជនសង្ស័យជាបុរសចំនួន០៣នាក់ ក៏បានសម្រេចបំផ្ទុះគ្រាប់បែកអត្តឃាតដែលបំពាក់នៅលើខ្លួនពួកគេ។

តាមរយៈទីភ្នាក់ងារព័ត៌មានរបស់ខ្លួន Amaq News ក្រុម ISIS បានអះអាងថា បុរស០៣នាក់នោះ គឺពិតជាសមាជិករបស់ពួកគេ ហើយជនទាំង០៣បានបំផ្ទុះខ្លួន​ឯង ក្រោយអស់គ្រាប់កាំភ្លើងក្នុងការប្រយុទ្ធគ្នាដ៏យូរជាមួយប៉ូលិសស្រីលង្កា។ ការប៉ះទង្គិចគ្នានេះ បានបណ្តាលឲ្យមនុស្ស១៥នាក់ស្លាប់ ក្នុងនោះមានស្រី្ត០៣នាក់និងកុមារ០៦នាក់។

គួរជម្រាបថា កាលពីថ្ងៃអាទិត្យសប្តាហ៍នេះ ការបំផ្ទុះគ្រាប់ផ្ទួនៗគ្នាសរុប០៨លើក បានកើតមានឡើងនៅតាមព្រះវិហារគ្រិស្តនិងសណ្ឋាគារជាច្រើន ក្នុងទីក្រុងមួយចំនួន រួមទាំងរដ្ឋធានីកូឡុំបូ នៃប្រទេសស្រីលង្កា ដេលបានផ្តាច់ជីវិតមនុស្សយ៉ាងតិច២៥៣នាក់ និងបង្កឲ្យរបួសខ្ទង់៥០០នាក់។

ជាមួយគ្នានេះ ប្រធានាធិបតីស្រីលង្កា បានចាត់បញ្ចូលក្រុមភេរវករចំនួនពីរក្នុងតំបន់ គឺ National Thawheedh Jamaath (NTJ) និង Jamathei Millathu Ibrahim ទៅក្នុងបញ្ចីខ្មៅ ដោយប៉ូលិសស្រីលង្កាជឿថា ក្រុមទាំងពីរនេះជាអ្នកប្រព្រឹត្តឬមានជាប់ពាក់ព័ន្ធ នឹងការវាយប្រហារខាងលើ ខណៈក្រុម ​ISIS ក៏បានចេញមុខអះអាងផងដែរថា ពួកគេគឺជាអ្នកពីក្រោមខ្នងក្រោយសកម្មភាពបំផ្ទុះគ្រាប់បែកអត្តឃាតទាំងនេះ៕