(ការ៉ាកាស់)៖ ក្រុមអ្នកគាំទ្រប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ នាចុងសប្តាហ៍នេះបានរៀបចំការប្រមូលផ្តុំគ្នា ដើម្បីផ្តល់ការគាំទ្រដល់រដ្ឋាភិបាលទីក្រុងការ៉ាកាស់ ដែលបានសម្រេចបោះបង់ចោលអង្គការរដ្ឋអាមេរិក OAS ដែលជាក្រុមមួយ​តំណាងឲ្យស្ទើរតែគ្រប់រដ្ឋឯករាជ្យនៅអឌ្ឍគោលខាងលិច។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Euronews នៅព្រឹកថ្ងៃអាទិត្យ ទី២៨ ខែមេសា ឆ្នាំ២០១៩។

នីតិវិធីនៃការចាកចេញពីអង្គការប្រចាំតំបន់នេះរបស់វេណេស៊ុយអេឡា បានចាប់ផ្តើមកាលពីឆ្នាំ២០១៧ នៅពេលទីក្រុងការ៉ាកាស់ បានរិះគន់លើអង្គការ OAS ថា បានប្រព្រឹត្តផ្ទុយពីគោលការណ៍មូលដ្ឋានរបស់ខ្លួន។ កាលពីដើមខែមេសានេះទៀតសោត សមាជិកភាគច្រើនរបស់អង្គការ OAS បានបោះឆ្នោតទទួលស្គាល់បេសកជន ដែលជ្រើសតាំងដោយមេបក្សប្រឆាំង លោក Juan Guaido ឲ្យធ្វើជាតំណាងរបស់វេណេស៊ុយអេឡាថែមទៀតផង។ អង្គការ OAS មានមូលដ្ឋាននៅរដ្ឋធានីវ៉ាស៊ីនតោន។

គួរជម្រាបថា រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានទទួលស្គាល់ លោក Guado ជាប្រធានាធិបតីស្តីទីរបស់វេណេស៊ុយអេឡា និងបានទទូចឲ្យលោក ម៉ាឌូរ៉ូ ចុះចេញពីតំណែង។ កាលពីថ្ងៃសុក្រសប្តាហ៍នេះ សហរដ្ឋអាមេរិកបានទម្លាក់ទណ្ឌកម្មថ្មីផ្សេងទៀតប្រឆាំងលើរដ្ឋមន្រ្តីការបរទេសវេណេស៊ុយអេឡា ដើម្បីបន្តជំរុញឲ្យលោក ម៉ាឌូរ៉ូ បោះបង់ចោលអំណាច៕