(ប៉ារីស)៖ ក្រុមបាតុករអាវកាក់ពណ៌លឿង នៅតែបន្តនាំគ្នាធ្វើបាតុកម្មតវ៉ានៅថ្ងៃសៅរ៍នេះ ដែលជាសប្ដាហ៍ទី២៤ជាប់ៗគ្នា នៃការតវ៉ាប្រឆាំងនឹងគោលនយោបាយរបស់ប្រធានាធិបតីបារាំង លោក អែមម៉ានុយអែល ម៉ាក្រុង។ នេះបើតាមការចេញ ផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០១៩។

បាតុកម្មតវ៉ានេះផ្ទុះឡើងជាថ្មី តែមួយរយៈពេលខ្លីប៉ុណ្ណោះ ក្រោយលោក ម៉ាក្រុង បានចូលរួមក្នុងសន្និសីទថ្នាក់ជាតិមួយ ជាទីដែលលោកបានសន្យាកាត់បន្ថយពន្ធលើប្រាក់ចំណូល សំដៅដោះស្រាយបញ្ហាសេដ្ឋកិច្ចនៅក្នុងប្រទេសបារាំង នាពេលបច្ចុប្បន្ន។ ប៉ុន្តែការសន្យានេះមិនបានធ្វើឱ្យក្រុមបាតុករអាវកាក់ពណ៌លឿងស្ងប់ចិត្តឡើយ។

គួរបញ្ជាក់ថា កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន ក្រុមបាតុករអាវកាក់ពណ៌លឿងសរុប ២៧,៩០០នាក់ ក្នុងនោះមាន៩,០០០នាក់ បាននាំគ្នាធ្វើបាតុកម្មដ៏ហិង្សានៅក្នុងទីក្រុងប៉ារីស ហើយក្នុងការប៉ះទង្គិចគ្នានោះ ប៉ូលិសបានចាប់ខ្លួនមនុស្ស១២៦នាក់៕