(ពិភពលោក)៖ នៅថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ប្រកាសថារដ្ឋបាលរបស់លោកនឹងបញ្ឈប់ការផ្ដល់សច្ចាប័នលើ សន្ធិសញ្ញាពាណិជ្ជកម្មអាវុធរបស់អង្គការសហប្រជាជាតិ (ATT) ក៏ដូចជានឹងដកខ្លួនចេញពីសន្ធិសញ្ញានេះក្នុងពេលឆាប់ៗ៕

២៖ អាជ្ញារធរស្រីលង្កានៅថ្ងៃសៅរ៍នេះបានឱ្យដឹងថា សាកសពមនុស្ស ១៥នាក់ (ក្នុងនោះ០៦នាក់ជាកុមារ) ត្រូវបានគេ រកឃើញនៅឯកន្លែងទើបមានការបាញ់តបតគ្នាមួយ នៅឯតំបន់ឆ្នេរភាគខាងកើតនៃប្រទេស បន្ទាប់ពីមានករណីបំផ្ទុះ គ្រាប់បែកអត្តឃាត សម្លាប់មនុស្សច្រើនជាង ២៥០នាក់កាលពីថ្ងៃអាទិត្យសប្ដាហ៍មុន៕

៣៖ ប្រព័ន្ធ check-in ឬត្រួតពិនិត្យអ្នកដំណើររបស់អាកាសចរណ៍រដ្ឋឥណ្ឌា Air India បានដំណើរការជាប្រក្រតីវិញហើយ បន្ទាប់ពីទទួលរងការជាប់គាំងអស់ជាច្រើនម៉ោង នៅព្រឹកថ្ងៃសៅរ៍នេះ (ម៉ោងនៅទីក្រុងញូដេលី) ដែលបានបង្កឲ្យអ្នកដំណើរ រាប់ពាន់នាក់ កកស្ទះពាសពេញអាកាសយានដ្ឋានមួយចំនួន នៅក្នុងប្រទេសអាស៊ីខាងត្បូងមួយនេះ៕

៤៖ សហរដ្ឋអាមេរិកបានសម្រេចចិត្តដាក់ទណ្ឌកម្ម លើរដ្ឋមន្ត្រីការបរទេសវេណេស៊ុយអេឡាលោក ហ្សក អារៀហ្សា (Jorge Arreaza) សម្រាប់ការបន្តគាំទ្រប្រធានាធិបតីលោក នីកូឡាស់ ម៉ាឌូរ៉ូ ដែលកំពុងប្រឈមមុខនឹងបាតុកម្មតវ៉ា ទាមទារឱ្យ ចុះចេញតំណែងរបស់គណបក្សប្រឆាំង គាំទ្រដោយទីក្រុងវ៉ាស៊ីនតោន៕

៥៖ រដ្ឋមន្ត្រីការបរទេសទុយនីស៊ី លោក ខេម៉ៃអ៊ែស ហ៊ីណាវអ៊ុយ (Khemaies Jhinaoui) និងរដ្ឋមន្ត្រីការបរទេស អាល់ហ្សេរី ដែលជាប្រទេសក្បែររបស់លីប៊ី លោក សាប្រ៊ី បួកាឌួម (Sabri Boukadoum) បានឯកភាពពីស្ថានភាពអាសន្ន និងភាពវឹកវរនៅក្នុងប្រទេសលីប៊ីនាពេលបច្ចុប្បន្ន៕

៦៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានជួបពិភាក្សាជាមួយ នាយករដ្ឋមន្ត្រីជប៉ុនលោក ស៊ីនហ្សូ អាបេ នៅក្នុងសេតវិមាននៃរដ្ឋធានីវ៉ាស៊ីនតោន ដើម្បីពិភាក្សាគ្នាអំពីទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី និងបញ្ហាមួយចំនួនទៀត ដែលនៅមានការខ្វែងគំនិតគ្នានៅឡើយ៕