(តូក្យូ)៖ នៅថ្ងៃទី០១ ខែឧសភាខាងមុខនេះ ព្រះអង្គម្ចាស់រាជទាយាដ ណារុ ហ៊ីតុ (Naruhito) នឹងត្រូវឡើងគ្រងរាជ្យសម្បត្តិ ជាព្រះចៅអធិរាជជប៉ុនថ្មី មួយថ្ងៃបន្ទាប់ពីព្រះបិតារបស់ទ្រង់ដាក់រាជ្យ។ ទាំងការឡើងសោយរាជ្យ និងការដាក់រាជ្យនឹងត្រូវប្រព្រឹត្តទៅតាមបែបពិធីនៃសាសនា Shinto ដោយមានរតនសម្បតិ្តអធិរាជចំនួន ០៣ ចូលរួមគឺ កញ្ចក់ ដាវ និងបន្តោងគុជ។

* ហេតុអ្វីបានជារតនសម្បត្តិអធិរាជមានសារៈសំខាន់?

សាសនា Shinto បានផ្ដោតយ៉ាងសំខាន់លើពិធីបុណ្យរក្សាទំនាក់ទំនងរវាងអតីតកាល និងវិញ្ញាណដែលធ្វើអន្តរាគមន៍នៅក្នុងជីវភាពប្រចាំថ្ងៃរបស់មនុស្ស។ រតនសម្បត្តិអធិរាជ គឺជាផ្នែកមួយដ៏សំខាន់នៃពិធីនេះ ហើយពួកវាត្រូវបានគេនិយាយតៗ គ្នាថាព្រះជាម្ចាស់ជាអ្នកប្រទានឱ្យកូនចៅជំនាន់ក្រោយ នៃព្រះចៅអធិរាជ។

* រតនសម្បត្តិអធិរាជទាំងនោះមានអ្វីខ្លះ?

១៖ កញ្ចក់ពិសិដ្ឋ ឬ Yata no Kagami

កញ្ចក់នេះមានអាយុកាលច្រើនជាង ១,០០០ឆ្នាំ និងត្រូវបានរក្សាទុកនៅឯទីសក្ការៈ Ise Grand Shrine ស្ថិតនៅក្នុងខេត្ត Mie។ Yata no Kagami ត្រូវបានគេចាត់ទុកថា មានតម្លៃជាងគេក្នុងចំណោមរតនសម្បត្តិអធិរាជ ០២ផ្សេងទៀត។ កញ្ចក់នេះមានអំណាចព្រះចេស្ដា និងបង្ហាញពីការពិត ព្រមទាំងតំណាងប្រាជ្ញាដ៏វៀងវៃរបស់ព្រះចៅអធិរាជ។

២៖ ដាវពិសិដ្ឋ ឬ Kusanagi no Tsurugi

ទីតាំងទុកដាវពិសិដ្ឋ Kusanagi no Tsurugi មិនត្រូវបានគេដឹងប្រាកដឡើយ តែវាអាចត្រូវបានគេរក្សាទុកនៅទីសក្ការៈ Atsuta Shrine នៅក្នុងទីក្រុង Nagoya។ បើតាមរឿងព្រេងជប៉ុន ដាវពិសិដ្ឋនេះគឺជាកន្ទុយរបស់ពស់ក្បាល ០៨ ដែលបម្រុង ស៊ីកូនស្រីសេដ្ឋីម្នាក់។ សេដ្ឋីរូបនេះបានសុំជំនួយពីបុរសម្នាក់ឈ្មោះ Susanoo ដោយសន្យាថា នឹងរៀបការស្រីរបស់ខ្លួនឱ្យបុរសរូបនេះ បើសិនជាអាចកម្ចាត់ពស់ក្បាល ០៨នេះបាន... នៅទីបំផុតបុរសឈ្មោះ Susanoo បានបញ្ឆោតពស់នេះដោយភាពស្រវឹង ហើយបន្ទាប់មកបានកាត់កន្ទុយរបស់វា ទើបឃើញដាវ Kusanagi no Tsurugi។ ដាវនេះគឺតំណាងឱ្យភាពក្លាហានរបស់ព្រះចៅអធិរាជ ប៉ុន្តែដោយសារតែគេមិនសូវដឹងពីកន្លែងរក្សាទុកវា ទើបមានអ្នកខ្លះចោទសួរថា ដាវនេះនៅតែមានដល់ពេលឥលូវដែរ ឬទេ។

៣៖ បន្ដោងគុជ ឬ Yasakani no Magatama

Magatama គឺជាប្រភេទបន្តោងគុជផលិតឡើងនៅក្នុងប្រទេសជប៉ុន កាលពីជាង ១,០០០ឆ្នាំមុនគ.ស ហើយវាគឺជានិមិត្តរូបនៃតម្លៃ។ រឿងព្រេងជប៉ុនបានឱ្យដឹងថា Yasakani no Magatama គឺជាបន្តោងខ្សែកធ្វើពីគុជពណ៌បៃតងដោយទេពធីតា Ame-no-Uzume ដែលបានដើរតួនាទីយ៉ាងសំខាន់ ក្នុងកិច្ចខិតខំប្រឹងប្រែងទាក់ទាញ​ព្រះម៉ែព្រះអាទិត្យ។ Magatama តំណាងឱ្យក្ដីមេត្តាករុណារបស់ព្រះចៅអធិរាជ ហើយវាត្រូវបានរក្សាទុកក្នុង ព្រះបរមរាជវាំងព្រះចៅអធិរាជក្នុងទីក្រុងតូក្យូ។

គួរបញ្ជាក់ថា ព្រះអង្គម្ចាស់ Naruhito នឹងចូលរួមព្រះរាជពិធីគ្រងរាជ្យសម្បត្តិ តាមបែបប្រពៃណីធំមួយក្នុងរយៈពេលមួយថ្ងៃ បន្ទាប់ពីព្រះចៅអធិរាជ Akihito ដាក់រាជ្យជាផ្លូវការនៅថ្ងៃទី៣០ ខែមេសា បញ្ចប់សម័យកាលអធិរាជ Heisei ដែលចាប់ផ្ដើមឡើងតាំងតែពីឆ្នាំ ១៩៨៩មក។

ព្រះចៅអធិរាជ Akihito នឹងក្លាយអធិរាជជប៉ុនដំបូងគេបំផុត ដែលដាក់រាជ្យសម្បត្តិ ក្នុងរយៈពេលជាង ២០០ឆ្នាំមកនេះ ហើយមូលហេតុចម្បងនៃការដាក់រាជ្យនេះ គឺដោយសារទ្រង់មានបញ្ហា ព្រះរាជសុខភាព ខណៈទ្រង់មានព្រះជន្មាយុ ៨៥ព្រះវស្សា ទៅហើយ និងមិនអាចទ្រាំទ្រនឹងរាជកិច្ចយ៉ាងច្រើនទៀតនោះឡើយ។ ចំណែកឯ សករាជអធិរាជជប៉ុនក៏នឹង ត្រូវប្ដូរឈ្មោះពីហ៊ៃសី «Heisei» ឬមានន័យថា «សន្តិភាពឈ្នះគ្រប់ទីកន្លែង» នៃប្រចៅអធិរាជបច្ចុប្បន្ន អាគីហ៊ីតុ (Akihito) ទៅជា «Reiwa» ឬមានន័យថា «ភាពសុខដុម» វិញផងដែរ៕

ប្រភព៖ BBC (នៅថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០១៩)