(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកបានសម្រេចចិត្តដាក់ទណ្ឌកម្ម លើរដ្ឋមន្ត្រីការបរទេសវេណេស៊ុយអេឡាលោក ហ្សក អារៀហ្សា (Jorge Arreaza) សម្រាប់ការបន្តគាំទ្រប្រធានាធិបតីលោក នីកូឡាស់ ម៉ាឌូរ៉ូ ដែលកំពុងប្រឈមមុខនឹងបាតុកម្មតវ៉ា ទាមទារឱ្យ ចុះចេញតំណែងរបស់គណបក្សប្រឆាំង គាំទ្រដោយទីក្រុងវ៉ាស៊ីនតោន។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០១៩។

ប៉ុន្តែក្រៅតែលោក Jorge Arreaza ចៅក្រមម្នាក់ទៀតគឺលោកស្រី ខារ៉ូល ផេឌីលឡា (Carol Padilla) ក៏បានក្លាយជាគោលដៅនៃទណ្ឌកម្ម ជុំចុងក្រោយរបស់សហរដ្ឋអាមេរិកដែរ ដែលបានចោទរដ្ឋាភិបាលលោក ម៉ាឌូរ៉ូ ថាជាអ្នកទទួលខុសត្រូវលើការដួលរំលំសេដ្ឋកិច្ច និងបំផ្លាញលិទ្ធិប្រជាធិបតេយ្យ នៅក្នុងប្រទេសវេណេស៊ុយអេឡា។ សហរដ្ឋអាមេរិកបានគាំទ្រយ៉ាងខ្លាំង មេដឹកនាំបក្សប្រឆាំងលោក ហ្ស៊ន ហ្គៃដូ (Juan Guaido) ដែលប្រកាសតែងតាំងខ្លួន ជាប្រធានាធិបតីស្ដីទី។

ដោយឡែកជុំវិញទណ្ឌកម្មនេះដែរ រដ្ឋមន្ត្រីរតនាគារជាតិអាមេរិក លោក ស្ទេវិន ម៉ានូជីន (Steven Mnuchin) បានគូសបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍ដូច្នេះថា «សហរដ្ឋអាមេរិកនឹងឈរឱបដៃមើលរបបដឹកនាំខុសច្បាប់ ម៉ាឌូរ៉ូ ធ្វើឱ្យប្រជាជន វេណេស៊ុយអេឡាស្លាប់ដោយសារគ្រោះអត់ឃ្លាន រំលោភបំពានសិទ្ធិមនុស្ស និងបំផ្លាញលិទ្ធិប្រជាធិបតេយ្យនោះទេ»។

គួរបញ្ជាក់ថា បើតាមលោក Steven Mnuchin ក្រសួងរតនាគារជាតិអាមេរិក នឹងបន្តដាក់ទណ្ឌកម្មប្រឆាំងនឹងមន្ត្រីជាន់ខ្ពស់ វេណេស៊ុយអេឡាទាំងឡាយណា ដែលបន្តគាំទ្ររបបដឹកនាំលោក ម៉ាឌូរ៉ូ។ ប៉ុន្តែលោក Jorge Arreaza បានចាត់ទុកថា ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក គឺជាទង្វើឯកតោភាគី និងខុសច្បាប់៕