(កូឡុំបូ)៖ កងកម្លាំងយោធារបស់ប្រទេសស្រីលង្កា បានបាញ់ខ្មាន់កាំភ្លើងដែលត្រូវបាន​សង្ស័យថា ជាបណ្តាញក្រុម​ភេរវករ ISIS ចំនួន០២នាក់នៅក្នុងប្រតិបត្តិការបង្ក្រាប​យ៉ាងក្តៅគគុកមួយនៅលើប្រទេសដីកោះមួយនេះ ក្រោយមនុស្ស ២៥៣នាក់បានស្លាប់ នៅក្នុងការវាយប្រហារភេរវកម្មដោយបំផ្ទុះគ្រាប់បែក កាលពីថ្ងៃអាទិត្យនៅក្នុងសណ្ឋាគារ និងវិហារគ្រិស្ដនៅក្នុងទីក្រុងកូឡុំ និងនៅទីក្រុងបាត់ធីខាឡាវ (Batticaloa)។ នេះបើតាម​ការចេញផ្សាយនៅមុននេះបន្តិច នាព្រឹកថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០១៩។

ការបង្ក្រាបយ៉ាងក្តៅគគុកខាងលើនេះ ត្រូវបានធ្វើឡើងនៅកំឡុងដែលប៉ូលិស និងយោធា​ស្រីលង្កាត្រូវបានបញ្ជាឲ្យសហការគ្នា ដើម្បីតាមប្រមាញ់ជនសង្ស័យទាំងអស់ ដែលមានជាប់ពាក់ព័ន្ធនឹងអំពើភេរវកម្ម ដែលបានបង្កចលាចលក្នុងប្រទេស និងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ផ្នែកសន្តិសុខ និងវិស័យសេដ្ឋកិច្ច-ទេសចរណ៍ថែមទៀតនោះ។

គួរបញ្ជាក់ថា ជនសង្ស័យសរុប ៧៤នាក់ត្រូវបានចាប់ខ្លួន​ដើម្បីសួរចម្លើយ ហើយបច្ចុប្បន្នអាជ្ញាធស្រីលង្កាកំពុងបន្តការស៊ើបអង្កេតថា តើក្រុមភេរវករ ISIS ពិតជានៅពីក្រោយសកម្មភាពវាយប្រហារ កាលពីថ្ងៃអាទិត្យដូចការអះអាង របស់ពួកគេដែរ ឬយ៉ាងណា ខណៈក្រុមភេរវករក្នុងតំបន់ហៅថា ហ្សាម៉ាអាត ថូវីត (National Thowheeth Jama'ath) ត្រូវបានរដ្ឋាភិបាលស្រីលង្កាចោទប្រកាន់ថា ជាអ្នកប្រព្រឹត្ត៕