(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ប្រកាសថារដ្ឋបាលរបស់លោកនឹងបញ្ឈប់ការផ្ដល់សច្ចាប័នលើ សន្ធិសញ្ញាពាណិជ្ជកម្មអាវុធរបស់អង្គការសហប្រជាជាតិ (ATT) ក៏ដូចជានឹងដកខ្លួនចេញពីសន្ធិសញ្ញានេះក្នុងពេលឆាប់ៗ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន RT នៅថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០១៩។

លោក ដូណាល់ ត្រាំ ធ្វើការកត់សម្គាល់បែបនេះ នាឱកាសថ្លែងសុន្ទរកថានៅឯសមាគមគំាទ្រសិទ្ធិប្រើប្រាស់កាំភ្លើងអាមេរិក ហៅកាត់ថា NRA ក្នុងទីក្រុង Indianapolis រដ្ឋ Indiana នៅថ្ងៃសុក្រសប្ដាហ៍នេះ។ លោក ត្រាំ បានលើកឡើងដូច្នេះថា៖ «អង្គការសហប្រជាជាតិនឹងទទួលបានកំណត់ទូតផ្លូវការមួយពីការដកខ្លួនរបស់សហរដ្ឋអាមេរិកក្នុងពេលឆាប់ៗនេះ...ហើយខ្ញុំនឹងចុះហត្ថលេខានៅពេលនេះតែម្ដង នៅចំពោះមុខអ្នកទាំងអស់គ្នា និងជាសារមួយផ្ញើជូនព្រឹទ្ធសភាឱ្យបញ្ឈប់និតិវិធីផ្ដល់
សច្ចាប័ន ព្រមទាំងបញ្ជូនវាត្រឡប់មកឱ្យខ្ញុំវិញ»។

គួរបញ្ជាក់ថា ATT គឺជាសន្ធិសញ្ញាស្ដីពីការគ្រប់គ្រងអាវុធ និងពាណិជ្ជកម្មអាវុធអន្តរជាតិ ហើយវាត្រូវបានចុះហត្ថលេខា ដោយអតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា កាលពីឆ្នាំ២០១៣ តែមិនទាន់ផ្ដល់សច្ចាប័នពីព្រឹទ្ធសភាឱ្យកា្លយ ជាច្បាប់នៅឡើយទេ ខណៈប្រទេសចំនួន១៣០បានចុះហត្ថលេខាលើសន្ធិសញ្ញានេះ។ ប៉ុន្តែសម្រាប់លោក ដូណាល់ ត្រាំ ATT ជាសន្ធិសញ្ញាមួយដ៏អាក្រក់ និងគំរាមកំហែងដល់សេរីភាពរបស់សហរដ្ឋអាមេរិកក្នុងការធ្វើពាណិជ្ជកម្មអាវុធ៕