(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ កំពុងសម្លឹងមើលការចុះហត្ថលេខាជាមួយចិន និងរុស្ស៊ី លើសន្ធិសញ្ញាស្ដីពីអាវុធនុយក្លេអ៊ែរ New START Treaty ដែលនឹងត្រូវផុតសុពលភាពនៅឆ្នាំ២០២១ ខាងមុខនេះ។ នេះ បើតាមមន្ត្រីជាន់ខ្ពស់សេតវិមានម្នាក់ ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០១៩។

មន្ត្រីជាន់ខ្ពស់សេវិតមានដដែលបានបញ្ជាក់ប្រាប់ CNN នៅក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះដូច្នេះថា «លោកប្រធានាធិបតី ដូណាល់ ត្រាំ មានភាពប្រាកដប្រជាយ៉ាងខ្លាំងថា លោកកំពុងគិតថាសន្ធិសញ្ញាគ្រប់គ្រងអាវុធ ត្រូវតែមានការចូលរួមពីរុស្ស៊ី និងចិន ហើយវាក៏ត្រូវបានរួមបញ្ចូលផងដែរអាវុធគ្រប់ប្រភេទ ក្បាលគ្រាប់នុយក្លេអ៊ែរគ្រប់ប្រភេទ និងមីស៊ីសគ្រប់ប្រភេទ»

គួរបញ្ជាក់ថា នៅអំឡុងកិច្ចប្រជុំជាមួយឧបនាយករដ្ឋមន្ត្រីចិន លោក លីវ ហេ (Liu He) នៅឯសេតវិមាននៅក្នុងខែមេសានេះ លោក ដូណាល់ ត្រាំ បានបង្ហាញក្ដីសង្ឃឹមថា ទីក្រុងម៉ូស្គូ និងទីក្រុងប៉េកាំង អាចនឹងចូលរួមក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរមួយ ដែលអាចនឹងកើតឡើង នៅក្នុងករណីដែលចិន និងសហរដ្ឋអាមេរិកបញ្ចប់ជម្លោះពាណិជ្ជកម្មទាំងស្រុង។

ប៉ុន្តែសហរដ្ឋអាមេរិក និងរុស្ស៊ី ក៏កំពុងមានបញ្ហានឹងគ្នាផងដែរជុំវិញការដកខ្លួន ចេញពីសន្ធិសញ្ញានុយក្លេអ៊ែរ INF ដោយបានចោទប្រកាន់គ្នាទៅវិញទៅមកថា បានរំលោភបំពានលើសន្ធិសញ្ញា ដែលត្រូវបានចុះហត្ថលេខារួមគ្នា តាំងពីសម័យសង្រ្គាមត្រជាក់មួយនេះ៕