(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានបន្តរិះគន់ការស៊ើបអង្កេតរបស់រដ្ឋអាជ្ញាពិសេស លោក រ៉ូប៊ឺត មូល្លឺ (Robert Mueller) ពាក់ព័ន្ធនឹងរឿងអាស្រូវនៃការចូលជ្រៀតជ្រែក ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក​ឆ្នាំ២០១៦ ពីសំណាក់ប្រទេសរុស្ស៊ីថា ប្រៀបដូចជាការធ្វើរដ្ឋប្រហារមួយយ៉ាងដូច្នោះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី​សារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០១៩។

ថ្លែងក្នុងបទសម្ភាសន៍មួយជាលើកដំបូង គិតចាប់តាំងពីការស៊ើបការណ៍របស់ Mueller បានបិទបញ្ចប់ជាស្ថាពរ លោក ត្រាំ បានលើកឡើងដូច្នេះថា «វាគឺជាការប៉ុនប៉ងផ្តូលរំលំ​រដ្ឋាភិបាលអាមេរិក» ដោយលោកបានប្រៀបប្រដូចភាពស្រដៀងគ្នា រវាងការស៊ើបអង្កេតរបស់លោក Mueller ទៅលើការស៊ើបអង្កេតរឿងអាស្រូវ Watergate ដែលបានកើតឡើងកាលពីចន្លោះឆ្នាំ ១៩៧២ និងឆ្នាំ១៩៧៤ ដែលទីបំផុតបានឈានទៅដល់ការលាលែងពីតំណែង នៃអតីតប្រធានាធិបតី លោក រីឆាដ និចសុន (Richard Nixon)។

គួរជម្រាបថា ការស៊ើបអង្កេតរបស់លោក Robert Mueller មិនបានរកឃើញភស្តុតាងណាមួយ ដែលអាចបញ្ជាក់ថា មានការរួមគំនិត គ្នារវាងសមាជិកណាម្នាក់ នៅក្នុងក្រុមយុទ្ធនាការបោះឆ្នោតរបស់ លោក ត្រាំ ហើយនិងរដ្ឋាភិបាលរុស្ស៊ី កាលពីអំឡុងការបោះឆ្នោត ជ្រើសរើសប្រធានាធិបតីអាមេរិកកាលពីឆ្នាំ២០១៦ នោះឡើយ៕