(ប៉េកាំង)៖ ប្រធានាធិបតីចិនលោក ស៊ី ជិនពីង នៅថ្ងៃសុក្រនេះ បានឱ្យអំពាវនាវឱ្យមានការផ្ដល់បរិយាកាសប្រកបដោយ «យុត្តិធម៌ និងមិត្តភាព» សម្រាប់បណ្ដាក្រុមហ៊ុនចិន និងជនជាតិចិនទាំងអស់ ដែលកំពុងរស់នៅតាមប្រទេសដទៃ​នៅទូទាំងពិភពលោក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០១៩។

លោក ស៊ី ជិនពីង បានលើកឡើងដូច្នេះថា «វិធានការជាច្រើនរបស់ចិន ដើម្បីពង្រីកការបើកចំហគឺជាជម្រើសឯករាជ្យ... ហើយ យើងក៏សង្ឃឹមដែរថា បណ្ដាប្រទេសដទៃនៅក្នុងពិភពលោក នឹងបង្កើតបរិយាកាសវិនិយោគដ៏ល្អ ក៏ដូចជាផ្ដល់បរិយាកាសប្រកបដោយភាពយុត្តិធម៌ និងមិត្តភាពសម្រាប់ក្រុមហ៊ុន និងប្រជាជនចិនទាំងអស់»។

គួរបញ្ជាក់ថា ការលើកឡើងខាងលើរបស់លោក ស៊ី ជិនពីង ធ្វើឡើងនៅចំពោះមុខមេដឹកនាំបណ្តាប្រទេសនានាចំនួន ៣៧រូប នៅឯកិច្ចប្រជុំកំពូលខ្សែក្រវាត់ និងផ្លូវលើកទី ២ កំពុងប្រព្រឹត្តទៅក្នុងទីក្រុងប៉េកាំង សម្រាប់រយៈពេល ០៣ថ្ងៃ ដែលមានភ្ញៀវកិត្តិយសមកពី​បណ្តាប្រទេសចំនួន ១៥០ និងអង្គការអន្តរជាតិ ៩០ សរុបប្រមាណ ៥,០០០នាក់ចូលរួម៕