(វ៉ាស៊ីនតោន)៖ លោក ចេមស៍ ហ្វេណែល (James Fanell) ដែលជាមន្រ្តីយោធាជើងទឹកអាមេរិកចូលនិវត្តន៍ និងជាអតីតមន្រ្តីជាន់ខ្ពស់ផ្នែកស៊ើបការណ៍ សម្ងាត់បានឲ្យដឹងថា យោធាចិនកំពុងតែនាំមុខគេឆ្ងាយក្នុងការរត់ប្រណាំងផ្នែកមីស៊ីល ជាពិសេសគឺគ្រាប់មីស៊ីលប្រឆាំងនាវាតែម្តង។ នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០១៩។

បើតាមលោក Fanell គឺចិនមានកងកម្លាំងមីស៊ីលបែប Conventional (មិនរាប់បញ្ចូលប្រភេទមីស៊ីល ដែលបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរឡើយ) ដែលខ្លាំងជាងគេបង្អស់នៅលើពិភពលោក ហើយពួកគេមានសមត្ថភាពយកឈ្នះ លើប្រព័ន្ធការពារដែលអាមេរិក កំពុងព្យាយាមអភិវឌ្ឍន៍បានផងដែរ។ រីឯអតីតមន្រ្តីយោធាអាមេរិកម្នាក់ទៀត គឺលោក រ៉ូប៊ឺត ហេដឌីក (Robert Haddick) ក៏ បានលើកឡើងដែរថា សមត្ថភាពមីស៊ីលកម្ទេចនាវាយោធារបស់ចិន គឺវ៉ាដាច់សហរដ្ឋអាមេរិក បើនិយាយអំពីរយៈចម្ងាយ ល្បឿន និងមុខងារចាប់គោលដៅជាដើម។

ជាច្រើនទសវត្សរ៍កន្លងមក សហរដ្ឋអាមេរិក ហាក់មិនបានយកចិត្តទុកដាក់ ចំពោះសមត្ថភាពយោធារបស់ទីក្រុងប៉េកាំងឡើយ ប៉ុន្តែចិនបានចំណាយពេលរាប់សិបឆ្នាំ ដើម្បីសំងំកសាងសមត្ថភាពមីស៊ីលរបស់ខ្លួន ដែលពុំមែនដើម្បីឲ្យស្មើនឹងអាមេរិក នោះឡើយ តែដើម្បីកំញើញសព្វាវុធខ្លាំងបំផុតមួយ របស់ទីក្រុងវ៉ាស៊ីនតោន គឺនាវាដឹកយន្តហោះចម្បាំងមួយចំនួន ដែលអាមេរិកតែងតែប្រើប្រាស់
ដើម្បីបន្លាចប្រទេសដទៃ ដែលប្រឆាំងនឹងខ្លួន។

គោលដៅរបស់ចិនបច្ចុប្បន្ន គឺធ្វើយ៉ាងណាឲ្យនាវាដឹកយន្តហោះចម្បាំង និងនាវាមុជទឹករបស់អាមេរិក នៅឲ្យឆ្ងាយពីឆ្នេរសមុទ្ររបស់ខ្លួន។ សព្វាវុធរបស់កងកម្លាំងមីស៊ីលចិន ត្រូវគេមើលឃើញថា មានប្រៀបខ្លាំងខាងល្បឿន និងចម្ងាយធៀបជាមួយអាមេរិក។

តួយ៉ាង ខណៈសហរដ្ឋអាមេរិក ពុំមានមីស៊ីលប្រឆាំងនាវា ដែលលឿនជាងសំឡេង ឬក៏ចម្ងាយឆ្ងាយទេនោះ ចិនមានពីប្រភេទ គឺ YJ-12 ដែលមានចម្ងាយវាយប្រហារ ៤០០គីឡូម៉ែត្រ និង YJ-18 ដែលមានរយៈចម្ងាយហោះបាន ៥៤០គីឡូម៉ែត្រ។ មីស៊ីលប្រឆាំងនាវាល្អជាងគេបំផុតរបស់អាមេរិក គឺ RGM-UGH-84 Harpoon ដែលទើបតែត្រូវដំឡើងចម្ងាយវាយប្រហារដល់ ២៤០គីឡូម៉ែត្រ និងមិនអាចរត់លឿន ជាងសំឡេងបានឡើយ។

សម្រាប់បច្ចេកវិទ្យាមីស៊ីលលឿនជាងសំឡេង ចិនក៏កំពុងនាំមុខអាមេរិកដែរ ដោយចាប់តាំងពីឆ្នាំ២០១៤មក ទីក្រុងប៉េកាំងបានបន្តធ្វើតេស្តគ្រាប់មីស៊ីល ដែលអាចហោះក្នុងល្បឿនលឿនជាងសំឡេងដល់ទៅ ០៥ដង។ ចំណែកសហរដ្ឋអាមេរិកវិញ ក៏ធ្លាប់បានធ្វើតេស្តមីស៊ីលបែបនេះដែរ កាលពីឆ្នាំ២០១៧ ប៉ុន្តែមិនទាន់មានលទ្ធផលអ្វីធំដុំនៅឡើយទេ។

មិនតែប៉ុណ្ណោះ អតីតមន្រ្តីយោធាចិនម្នាក់នាពេលកន្លងទៅបាននិយាយថា ដ្បិតមីស៊ីលអាមេរិកមានគុណភាពល្អជាងចិនមែន ប៉ុន្តែ ទីក្រុងប៉េកាំងនៅតែអាចផលិតមីស៊ីល ក្នុងចំនួនយ៉ាងច្រើនលើសលុប ដែលប្រព័ន្ធការពារមីស៊ីលអាមេរិក មិនអាចបាញ់ទម្លាក់អស់ទាន់ពេលវេលាឡើយ។ ម៉្យាងវិញទៀតនោះ មីស៊ីលយ៉ាងហោចណាស់ក៏ ១០,០០០គ្រាប់ដែរ បានស្មើនឹងតម្លៃនាវាផ្ទុកយន្តហោះចម្បាំងមួយគ្រឿងៗ របស់សហរដ្ឋអាមេរិក។

អតីតមន្រ្តីយោធាចិនរូបនេះបានសង្កត់ធ្ងន់ដូច្នេះថា «យើងពុំមានសមត្ថភាពយកឈ្នះ អាមេរិកនៅលើសមុទ្រមែន ប៉ុន្តែយើងមានមីស៊ីលដែលអាចវាយប្រហារ ទៅលើនាវាដឹកយន្តហោះចម្បាំងជាពិសេស ដើម្បីរារាំងមិន ឲ្យពួកវាឆ្ពោះមកដល់ដែនទឹករបស់យើងបាន នៅក្នុងករណីមានជម្លោះផ្ទុះឡើង»

គួរជម្រាបថា នាវាដឹកយន្តហោះចម្បាំងបានដើរតួនាទីយ៉ាងសំខាន់ នៅក្នុងការធ្វើសង្រ្គាមរបស់សហរដ្ឋអាមេរិក ចាប់តាំងតែពីជំនាន់សង្រ្គាមលោក រហូតមកទល់បច្ចុប្បន្ន ហើយអាមេរិកតែងតែចល័តនាវាដ៏មានឥទ្ធិពលនេះ ទៅកាន់កន្លែងផ្សេងៗជាច្រើន នៃមហាសមុទ្រទូទាំងពិភពលោក ដើម្បីជាយុទ្ធសាស្ត្រការពារឥទ្ធិពលរបស់ខ្លួន៕