(កូឡុំបូ)៖ ស្ថានទូតអាមេរិកនៅស្រីលង្កា បានអំពាវនាវឲ្យ មនុស្សម្នាបង្កើនការប្រុងប្រយ័ត្នខ្ពស់​នាចុងសប្តាហ៍នេះ ហើយនៅឲ្យឆ្ងាយពីតំបន់មានមនុស្សអ៊ូរអរ ក៏ដូចជាកន្លែងថ្វាយបង្គំបែបសាសនាទាំងឡាយ បន្ទាប់ពីករណីបំផ្ទុះគ្រាប់បែកយ៉ាងកក្រើក បានកើតមានកាលពីថ្ងៃអាទិត្យសប្តាហ៍មុន។ នេះបើតាមការដកស្រង់ការផ្សាយ​ចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០១៩។

បើយោងតាមសេចក្តីប្រកាសរបស់ស្ថានទូតអាមេរិក អាជ្ញាធរស្រីលង្កាបានរាយការណ៍ឲ្យដឹងថា អាចមានករណីវាយប្រហារថ្មីទៀត កើតឡើងនៅតាមកន្លែងគោរពសាសនា។ រដ្ឋាភិបាលស្រីលង្កាបានទទួលស្គាល់ថា នៅមុនករណីបំផ្ទុះគ្រាប់បែកចំទិវា Easter កាលពីថ្ងៃអាទិត្យកន្លងទៅ ស្ថាប័នស៊ើបការណ៍សម្ងាត់បរទេស បានផ្តល់ដំណឹងដល់អាជ្ញាធរស្រីលង្កា អំពីគម្រាងធ្វើសកម្មភាព វាយប្រហារដោយអត្តឃាតទាំងនេះ ប៉ុន្តែស្ថាប័នស៊ើបការណ៍សម្ងាត់​របស់ស្រីលង្កានៅតែបានបរាជ័យ ក្នុងការចាត់វិធានការទប់ស្កាត់។

ប្រធានាធិបតីស្រីលង្កា លោក ម៉ៃស្រ៊ីផាឡា ស៊ីរីសេណា (Maithripala Sirisena) ដែលមានតួនាទីជាប្រមុខការពារជាតិផងដែរនោះ បានបន្ទោសលើរដ្ឋលេខាធិការនៃ ក្រសួងការពារជាតិ លោក ហេម៉ាស៊ីរី ហ្វែណាន់ដូ (Hemasiri Fernando) និងមេបញ្ជាការប៉ូលិស លោក ភូជីត ចាយ៉ាសាន់ដារ៉ា (Pujith Jayasundara) ព្រោះតែមិនអាចទប់ស្កាត់សកម្មភាព វាយប្រហារដោយបំផ្ទុះគ្រាប់បែកទាំងនេះបាន ហើយបានស្នើឲ្យមន្រ្តីទាំងពីរចុះចេញពីតំណែង ខណៈលោក Fernando គឺបានលាលែងពីតួនាទីហើយ។

ការបំផ្ទុះគ្រាប់បែកដល់ទៅ ០៨លើកនៅតាមព្រះវិហារគ្រិស្ត និងសណ្ឋាគារ ក្នុងទីក្រុងមួយចំនួនព្រមទាំងនៅរដ្ឋធានីកូឡុំបូ ត្រូវបានរដ្ឋាភិបាលស្រីលង្កាចោទថា ក្រុមភេរវករក្នុងតំបន់ផ្ទាល់ហៅថា ហ្សាម៉ាអាត ថូវីត (National Thowheeth Jama'ath) ដែលគាំទ្រក្រុមភេរវករ ISIS គឺជាអ្នកប្រព្រឹត្ត ហើយកាលពីថ្ងៃអង្គារសប្តាហ៍នេះ ISIS បានចេញមុខអះអាងថា ពួកគេគឺជាអ្នកនៅពីក្រោយខ្នង។ ទន្ទឹមនេះអាជ្ញាធរស្រីលង្កា ក៏បានកែសម្រួលតួលេខនៃអ្នកបាត់បង់ជីវិតផងដែរពី ៣៥៩នាក់ ចុះមកនៅត្រឹម ២៥៣នាក់ ដោយសារតែការរាប់ស្ទួនខុសបច្ចេកទេស៕