(ប៉េកាំង)៖ ប្រធានាធិបតីចិនលោក ស៊ី ជិនពីង បានបញ្ជាក់ថា គំនិតផ្តួចផ្តើម ខ្សែក្រវាត់ និងផ្លូវរបស់លោកមិនមែនជា «វេទិកាផ្តាច់មុខ» នោះឡើយ ដោយលោកបានបន្ថែមថា ខណៈប្រទេសចិននឹងបន្តផ្តល់ហិរញ្ញប្បទាន សម្រាប់គម្រោងផ្សេងៗនៅក្រោម គម្រោងដ៏ទូលំទូលាយនេះ ទីក្រុងប៉េកាំងក៏ទទួលស្វាគមន៍ការចូលរួមពីប្រទេសដទៃទៀត នៅជុំវិញពិភពលោកផងដែរ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០១៩។

លោកប្រធានាធិបតីចិនបានឲ្យដឹងថា គោលដៅនៃគំនិចផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ គឺការធ្វើការលើកកម្ពស់បន្ថែមកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ រវាងប្រទេស និងប្រទេស ហើយកសាងបណ្តាញថ្មីមួយ សម្រាប់ការធ្វើពាណិជ្ជកម្មអន្តរជាតិ ខណៈស្របពេលជាមួយគ្នា ក៏បង្កើតនូវឱកាសនៃការអភិវឌ្ឍសម្រាប់ប្រទេសចិន និងបណ្តាប្រទេសជាដៃគូផងដែរ។

គំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវនេះ គឺជាគម្រោងពោរពេញដោយមហិច្ឆតារបស់លោក ស៊ី ជិនពីង ក្នុងការស្ថាបនាឡើងវិញនូវ វិថីសូត្រកាលពីសម័យបុរាណ ដើម្បីតភ្ជាប់តំបន់អាស៊ី អឺរ៉ុប និងអាហ្វ្រិក ជាមួយបណ្តាញនៃគម្រោងផ្លូវថ្នល់ ផ្លូវដែក និងផ្លូវទឹក។ សប្តាហ៍នេះ មេដឹកនាំមកពី ៣៧ប្រទេស និងក្រុមមន្រ្តីមកពីប្រជាជាតិជាច្រើនផ្សេងទៀត បានធ្វើដំណើរមកកាន់ទីក្រុងប៉េកាំង ដើម្បីចូលរួមវេទិកាខ្សែក្រវាត់ និងផ្លូវលើកទីពីរ ដែលកំពុងតែបន្តប្រព្រឹត្តទៅសម្រាប់រយៈពេល ០៣ថ្ងៃ៕