(ម៉ូស្គូ)៖ សារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍ថា មេដឹកនាំកំពូលលោក គីម ជុងអ៊ុន បានអញ្ជើញលោក វ្ល៉ាឌីមៀ ពូទីន មកបំពេញទស្សនកិច្ចនៅទីក្រុងព្យុងយ៉ាង ក្រោយមេដឹកនាំទាំង ២ បិទបញ្ចប់កិច្ចប្រជុំកំពូលក្នុងទីក្រុង វ្ល៉ាឌីវ៉ូស្តូក (Vladivostok) កាលពីថ្ងៃព្រហស្បតិ៍។ នេះបើតាមការដកស្រង់ចេញផ្សាយដោយ​សារព័ត៌មាន Sputnik នៅព្រឹកថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០១៩។

យោងតាម KCNA លោក ពូទីន បាននិយាយលោកបានត្រៀមខ្លួនជានិច្ច ដើម្បីបំពេញទស្សនកិច្ចទៅកាន់កូរ៉េខាងជើង ហើយនៅក្នុងជំនួប​កាលពីថ្ងៃម្សិលមិញ បុរសខ្លាំងទាំង ២ ក៏បានព្រមព្រៀងគ្នាផងដែរ ក្នុងការចាត់វិធានការនានាដើម្បីបង្កើនទំនាក់ ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងកូរ៉េខាងជើង និងរុស្ស៊ីឱ្យឡើងដល់កម្រិតថ្មីមួយ។
ជំនួបជាលើកដំបូងបំផុតរបស់​លោក ពូទីន និងលោក គីម ជុងអ៊ុន ធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍ នៅឯសាកលវិទ្យាល័យ Far Eastern Federal University នៃកោះរ៉ាស់ស្កាយ (Russky) ក្នុងទីក្រុង Vladivostok ហើយវាបានកើតឡើងចំពេលដែល​គ្រប់គ្នាមើលឃើញថា លោក គីម កំពុងស្វែងរកការគំាទ្រពីរុស្ស៊ី ក្រោយកិច្ចប្រជុំកំពូល​នៅវៀតណាម​កាលពីខែកុម្ភៈ ជាមួយលោក ដូណាល់ ត្រាំ ទទួលបរាជ័យ។

គួរជម្រាបថា ក្រោយជំនួបកំពូល លោក ពូទីន បានហៅលោក គីម ថាជាមនុស្សបើកចំហរម្នាក់ ក្រោយពីបានពិភាក្សាជាមួយមេដឹកនាំកូរ៉េខាងជើងរូបនេះ ស្ដីពីទណ្ឌកម្មសហរដ្ឋអាមេរិក និងការរំសាយអាវុធនុយក្លេអ៊ែរ​នៅលើឧបទ្វីបកូរ៉េ។ ប៉ុន្តែទន្ទឹមគ្នា​លោក ពូទីន ក៏បានសង្កត់ធ្ងន់ដែរពីសារៈសំខាន់ នៃការស្ដារអំណាចរបស់ច្បាប់អន្តរជាតិ នៅលើឧបទ្វីបកូរ៉េឡើងវិញ ខណៈសហរដ្ឋអាមេរិក និងរុស្ស៊ីសុទ្ធតែមានផលប្រយោជន៍ ពីការរំសាយអាវុធនុយក្លេអ៊ែរ​នៅលើឧបទ្វីបមួយនេះ៕