(កូឡុំបូ)៖ ក្រសួងសុខាភិបាលស្រីលង្កាបានធ្វើបច្ចុប្បន្នភាពតួលេខអ្នកស្លាប់ផ្លូវការនៅក្នុងការវាយប្រហារបំផ្ទុះគ្រាប់បែក កាលពីថ្ងៃអាទិត្យសប្ដាហ៍មុនឡើងវិញ ដោយបញ្ជាក់ថាមនុស្ស២៥៣នាក់ប៉ុណ្ណោះបានបាត់បង់ជីវិត និងរាប់រយនាក់ផ្សេង ទៀតរងរបួស។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០១៩។

យោងតាមក្រសួងសុខាភិបាលស្រីលង្កា ការរាប់តួលេខអ្នកស្លាប់ឡើងវិញនេះធ្វើឡើងនៅអំឡុងពេលនិតិវិធីបញ្ជាក់ អត្ដសញ្ញាណជនរងគ្រោះ ហើយតួលេខអ្នកស្លាប់៣៥៩នាក់កាលពីលើកមុនគឺជាការរាប់ចំនួនខុស ដោយក្រុមមន្ត្រីខ្លះបាន រាប់សាកសពមនុស្សស្ទួនគ្នា។

គួរបញ្ជាក់ថា កាលពីថ្ងៃអាទិត្យសប្ដាហ៍មុន ក្រុមអត្តឃាតជន៩នាក់បានដឹកនាំការវាយប្រហារបំផ្ទុះគ្រាប់បែកប្រឆាំងនឹង សណ្ឋាគារ និងវិហារគ្រឹស្ដនៅក្នុងទីក្រុងកូឡុំ និងនៅទីក្រុង Batticaloa ហើយអ្នកស្លាប់ភាគច្រើនជាជនជាតិស្រីលង្កា និង៣៩នាក់ជាជនបរទេស។ ចំណែកឯ មនុស្ស៧៤នាក់ត្រូវបានចាប់ខ្លួនដើម្បីសួរចម្លើយ។

ដោយឡែក បច្ចុប្បន្នអាជ្ញាធស្រីលង្កា កំពុងបន្តការស៊ើបអង្កេតថា តើក្រុមភេរវករ ISIS ពិតជានៅពីក្រោយសកម្មភាព វាយប្រហារកាលពីថ្ងៃអាទិត្យដូចការអះអាងរបស់ពួកគេដែរឬយ៉ាងណា ខណៈក្រុមភេរវករក្នុងតំបន់ហៅថា National Thowheeth Jama'ath ត្រូវបានរដ្ឋាភិបាលស្រីលង្កាចោទប្រកាន់ថាជាអ្នកប្រព្រឹត្ត៕