(ម៉ូស្គូ)៖ ជំនួបកំពូលជាលើកដំបូងរវាងលោក គីម ជុងអ៊ុន ជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ត្រូវបានគេមើលឃើញថា កំពុងធ្វើឱ្យកិច្ចចរចាលុបបំបាត់អាវុធនុយក្លេអ៊ែរ រវាងទីក្រុងព្យុងយ៉ាង និងទីក្រុងវ៉ាស៊ីនតោន ស្ថិតនៅក្នុងភាពមិនច្បាស់លាស់។ ប៉ុន្តែអ្នកជំនាញខ្លះយល់ថា ជំនួបនេះក៏អាចនឹងជម្រុញឱ្យសហរដ្ឋអាមេរិក ស្វះស្វែងរៀបចំកិច្ចចរចានុយក្លេអ៊ែរ ឡើងវិញជាមួយកូរ៉េខាងជើងផងដែរ ព្រោះមិនចង់ឱ្យរុស្ស៊ីដណ្ដើមមុខមាត់ នៅលើឆាកអន្តរជាតិ។

* តើកូរ៉េខាងជើងកំពុងបញ្ឈឺសហរដ្ឋអាមេរិកឬ?

ជំនួបរវាងលោក គីម ជុងអ៊ុន និងលោក វ្ល៉ាឌីមៀ ពូទីន កើតមានឡើងបន្ទាប់ពីកិច្ចប្រជុំកំពូល អាមេរិក-កូរ៉េខាងជើង ក្នុងទីក្រុងហាណូយ ប្រទេសវៀតណាម កាលពីចុងខែកុម្ភៈកន្លងទៅ ទទួលបរាជ័យ។ រុស្ស៊ីមិនសូវជាលូកដៃច្រើន ហើយក៏មិន បានដើរតួនាទីសំខាន់ណាមួយ នៅក្នុងសំណុំរឿងនុយក្លេអ៊ែរកូរ៉េខាងជើងដែរ នាពេលកន្លងមកដែរ ប៉ុន្តែភាពបរាជ័យ នៃកិច្ចប្រជុំ នៅវៀតណាម ហាក់ដូចជាជម្រុញឱ្យទីក្រុងព្យុងយ៉ាង និងទីក្រុងម៉ូស្គូ កាន់តែខិតជិតគ្នា។

ដោយឡែក ជុំវិញបញ្ហានេះដែរ លោក Fyodor Lukyanov ជាអ្នកជំនាញខាងកិច្ចការ អន្តរជាតិម្នាក់បានយល់ថា ដោយសារកិច្ចចរចានៅវៀតណាមបរាជ័យ ទើបមានកិច្ចប្រជុំនៅទីក្រុង Vladivostok ហើយលោក គីម ទំនងជាចង់ប្រើប្រាស់ ជំនួបជាមួយ លោក ពូទីន បញ្ជាក់ប្រាប់អាមេរិកថា ក្រៅពីចិនកូរ៉េខាងជើងមានមិត្តម្នាក់ទៀត ដ៏មានថាមពលដូចជារុស្ស៊ី ដែលចាំជួយខ្លួន ប្រឆាំងនឹងសម្ពាធនានា។

លោក Lukyanov បានគូសបញ្ជាក់ដូច្នេះថា « អ្វីដែលលោក គីម កំពុងសម្លឹងមើលក្នុង ពេលបច្ចប្បន្ន នោះគឺបង្កើនសម្ពាធនយោបាយ និងចិត្តសាស្ត្រប្រឆាំងសហរដ្ឋអាមេរិក ដើម្បីបង្ហាញថា លោកមានសមត្ថភាព និងមានមិត្តជាមហាអំណាចដូចជារុស្ស៊ី និងចិនចាំជួយខ្លួន ក្នុងការប្រឈមមុខជាមួយវ៉ាស៊ីនតោន»។

* ជំនួបលោក គីម និងលោក ពូទីន ធ្វើឱ្យលោក ត្រាំ ប្រចណ្ឌដែរ ឬទេ?

វិមានក្រឹមឡាំងហាក់មិនបានបង្ហាញការរំពឹងខ្ពស់ណាមួយ ទៅលើជំនួបរវាងលោក ពូទីន និងលោក គីម នោះទេ ហើយក៏បានបញ្ជាក់ដែរថា មេដឹកនាំទាំង ២ ក៏មិនមានគម្រោងចុះហត្ថលេខាលើកិច្ចព្រមព្រៀង ឬក៏ចេញផ្សាយ សេចក្ដីថ្លែងការណ៍រួមណាមួយនោះដែរ។

ប៉ុន្តែបើតាមលោក Lukyanov ជំនួបនេះនឹងធ្វើឱ្យ លោក ដូណាល់ ត្រាំ កាន់តែប្រឹងប្រែងស្វះស្វែងរៀបចំជំនួបជាថ្មី ជាមួយលោក គីម ខណៈប្រធានាធិបតីអាមេរិករូបនេះ ធ្លាប់អះអាងជាច្រើន លើក ពីទំនាក់ទំនងល្អជាមួយមេដឹកនាំ កូរ៉េខាងជើង ហើយក៏មិនបានបង្ហាញពីបំណងបិទផ្លូវរៀបចំកិច្ចចរចាជាថ្មីដែរ។ លើសពីនេះទៅទៀត លោក ដូណាល់ ត្រាំ ក៏នឹងមិនបណ្ដោយឱ្យរុស្ស៊ីមានមុខមានមាត់ ឬដណ្ដើមតួនាទីអាមេរិកនៅលើឆាកអន្តរជាតិ តាមរយៈការប្រើប្រាស់សំណុំ រឿងនុយក្លេអ៊ែរកូរ៉េខាងជើងជាដាច់ខាត។

គួរបញ្ជាក់ថា លោក គីម ជុងអ៊ុន និងលោក វ្ល៉ាឌីមៀ ពូទីន នឹងត្រូវជួបគ្នាជាលើកដំបូងនៅថ្ងៃព្រហស្បតិ៍នេះ នៅក្នុងទីក្រុង Vladivostok ដើម្បីពិភាក្សាគ្នាពីទំនាក់ទំនងទ្វេភាគី និងសំណុំរឿងនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ៕

ប្រភព៖ RT (ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០១៩)