(ប៉េកាំង)៖ កងទ័ពជើងទឹកចិនបានធ្វើការព្រមានលើនាវាចម្បាំងបារាំងមួយគ្រឿង ដែលបានធ្វើដំណើរចូលមកកាន់ច្រក សមុទ្រតៃវ៉ាន់កាលពីដើមខែមេសានេះ ហើយក៏បានដាក់កំណត់ទូតតវ៉ាជាផ្លូវការទៅកាន់ទីក្រុងប៉ារីសផងដែរ ជុំវិញសកម្មភាពនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅយប់ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០១៩។

យោងតាមក្រសួងការពារជាតិចិន នាវាចម្បាំងរបស់បារាំងមួយគ្រឿង បានធ្វើដំណើរចូលមកកាន់ច្រកសមុទ្រតៃវ៉ាន់ដោយ ខុសច្បាប់កាលពីថ្ងៃទី៧ ខែ មេសាកន្លងទៅ។ ម្យ៉ាងវិញទៀត ការធ្វើនាវាចររបស់បារាំងទៀតសោត កើតមានឡើងនៅ ចំពេលនាវាចម្បាំងអាមេរិកបានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រជាបន្តបន្ទាប់ ហើយទង្វើបែបនេះតែងតែត្រូវបានចិន ថ្កោលទោសយ៉ាងខ្លាំង ដោយសារតែទីក្រុងប៉េកាំងចាត់ទុកថាតៃវ៉ាន់គ្រាន់តែខេត្តមួយរបស់ខ្លួនប៉ុណ្ណោះ។

គួរបញ្ជាក់ថា កាលពីចុងខែមីនា នាវាពិឃាតអាមេរិក USS Curtis Wilbur ក៏បានធ្វើដំណើរនៅម្ដុំច្រកសមុទ្រតៃវ៉ាន់ផងដែរ ជាមួយការអះអាងថានេះគឺជាការធ្វើនាវាចរជាទម្លាប់ អនុលោមតាមច្បាប់អន្តរជាតិ៕