(កូឡុំបូ)៖ ប៉ូលិសស្រីលង្កាបានអះអាងនៅមុននេះបន្តិច សំឡេងផ្ទុះត្រូវបានលាន់ឮចេញពី ដីវាលមួយកន្លែងនៅពីក្រោយអគារតុលាការ ក្នុងទីក្រុងភូហ្គោដា (Pugoda) ដែលមាន ចម្ងាយ ៤០គីឡូម៉ែត្រពីភាគខាងកើតទីក្រុងកូឡុំបូ។ នេះបើតាមការចេញផ្សាយនៅមុននេះ បន្តិចដោយទីភ្នាក់ងារព័ត៌មាន Reuters នារសៀលថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០១៩។

ប៉ូលិសស្រីលង្កាបានបញ្ជាក់ភ្លាមៗផងដែរថា ពេលនេះការស៊ើបអង្កេតទៅលើករណីផ្ទុះថ្មីនេះ កំពុងតែធ្វើឡើងយ៉ាងបន្ទាន់ ខណៈយន្តហោះដ្រូន ឬយន្តហោះគ្មានមនុស្សបើក ត្រូវបានហាមមិនឲ្យធ្វើការបង្ហោះឡើយ នៅទូទាំងប្រទេស។ បន្ថែមពីនេះទៀតការផ្ទុះ ថ្មីនេះ គឺបានកើតមានឡើងបន្ទាប់ពីរដ្ឋាភិបាលស្រីលង្កា បានប្រកាសប្រាប់ភ្ញៀវទេសចរនានា កុំឲ្យព្រួយបារម្ភរឿងសន្តិសុខ ព្រោះពេលនេះកងកម្លាំងយោធា និងប៉ូលិសត្រូវបានដាក់ ពង្រាយបន្ថែមនៅតាមតំបន់សំខាន់ៗ ដើម្បីការពារសន្តិសុខជារួមតែម្តង។

គួរបញ្ជាក់ថា មកទល់ព្រឹកថ្ងៃព្រហស្បតិ៍នេះជនសង្ស័យសរុប ៧៥នាក់ កំពុងស្ថិតក្រោមការឃាត់ខ្លួន និងសួរចម្លើយទាក់ទិនទៅនឹងករណីវាយប្រហារដ៏មហាប្រល័យ កាលពីថ្ងៃអាទិត្យ កន្លងទៅនៅស្រីលង្កា ដែលបានផ្តាច់ជីវិតមនុស្ស ៣៥៩នាក់ និងបង្កឲ្យរបួសខ្ទង់ ៥០០នាក់។ ជាមួយគ្នានេះដែរ យោធាស្រីលង្កាបានឲ្យដឹងថា កងទ័ពជើងគោកបានបង្កើន ការដាក់ពង្រាយចំនួនទ័ពពី ១,៣០០នាក់ រហូតដល់ ៦,៣០០នាក់ ហើយកងទ័ពជើងទឹក និងជើងអាកាសក៏ បានដាក់ពង្រាយទ័ពបន្ថែម ២,០០០នាក់ផងដែរ ដើម្បីជួយដល់ការ តាមប្រមាញ់ជនសង្ស័យដទៃទៀត។

ម៉្យាងវិញទៀត អាជ្ញាធរស្រីលង្កាក៏កំពុងបើកការស៊ើបអង្កេតទៅករណីដែលថា ក្រុមមន្រ្តីមួយចំនួនទទួលបានព័ត៌មានអំពីការអាច កើតមានឡើងនៃសកម្មភាព បំផ្ទុះគ្រាប់បែកនៅទិវាគ្រិស្តសាសនា Easter ដោយក្រុមភេរវករ National Thowheeth Jama'ath ប៉ុន្តែបរាជ័យក្នុងការទប់ស្កាត់ការវាយប្រហារនេះ។ ខណៈក្រុម National Thowheeth Jama'ath ត្រូវអាជ្ញាធរស្រីលង្កាចោទប្រកាន់ ក្រុមភេរវករ ISIS ក៏បានចេញមុខអះអាងផងដែរថា ពួកគេគឺជាអ្នកនៅពីក្រោយការវាយប្រហារដ៏អាក្រក់នេះ ប៉ុន្តែពុំទាន់មានភស្តុតាងណាមួយ ដែលត្រូវបានរកឃើញដោយអាជ្ញាធរស្រីលង្កា ពាក់ព័ន្ធនឹងការលើកឡើងនេះឡើយ៕