(កូឡុំបូ)៖ ក្រោយករណីវាយប្រហារបំផ្ទុះគ្រាប់បែក កាលពីថ្ងៃអាទិត្យសប្តាហ៍មុននេះ ប៉ូលិសស្រីលង្កាទើបក្របួចបានជនសង្ស័យ ១៦នាក់ទៀតដោយក្នុងនោះមាន ម្នាក់អាចជាប់ពាក់ព័ន្ធនឹងក្រុមភេរវករ ហ្សាម៉ាអាត ថូវីត (National Thowheeth Jama'ath) ដែលអាជ្ញាធរស្រីលង្កាបានចោទប្រកាន់ថា ជាក្រុមដែលបានប្រព្រឹត្តការវាយប្រហារ ហើយស្រីលង្កាក៏បានដាក់ពង្រាយកងទ័ពបន្ថែមរាប់ពាន់នាក់ នៅទូទាំងប្រទេស ដើម្បីជួយប៉ូលិសតាមប្រមាញ់ជនសង្ស័យឯទៀតៗផងដេរ។ នេះបើតាមការដកស្រង់​ការផ្សាយចេញពីសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០១៩។

មកទល់ព្រឹកថ្ងៃព្រហស្បតិ៍នេះជនសង្ស័យសរុប ៧៥នាក់ កំពុងស្ថិតក្រោមការឃាត់ខ្លួន និងសួរចម្លើយទាក់ទិនទៅនឹងករណីវាយប្រហារដ៏មហាប្រល័យ កាលពីថ្ងៃអាទិត្យ​កន្លងទៅនៅស្រីលង្កា ដែលបានផ្តាច់ជីវិតមនុស្ស ៣៥៩នាក់ និងបង្កឲ្យរបួសខ្ទង់ ៥០០នាក់។ ជាមួយគ្នានេះដែរ យោធាស្រីលង្កាបានឲ្យដឹងថា កងទ័ពជើងគោកបានបង្កើន​ការដាក់ពង្រាយចំនួនទ័ពពី ១,៣០០នាក់ រហូតដល់ ៦,៣០០នាក់ ហើយកងទ័ពជើងទឹក និងជើងអាកាសក៏ បានដាក់ពង្រាយទ័ពបន្ថែម ២,០០០នាក់ផងដែរ ដើម្បីជួយដល់ការ តាមប្រមាញ់ជនសង្ស័យដទៃទៀត។

ម៉្យាងវិញទៀត អាជ្ញាធរស្រីលង្កាក៏កំពុងបើកការស៊ើបអង្កេតទៅករណីដែលថា ក្រុមមន្រ្តីមួយចំនួនទទួលបានព័ត៌មានអំពីការអាច កើតមានឡើងនៃសកម្មភាពបំផ្ទុះគ្រាប់បែកនៅទិវាគ្រិស្តសាសនា Easter ដោយក្រុមភេរវករ National Thowheeth Jama'ath ប៉ុន្តែបរាជ័យក្នុងការទប់ស្កាត់ការវាយប្រហារនេះ។

គួរជម្រាបថា ខណៈក្រុម National Thowheeth Jama'ath ត្រូវអាជ្ញាធរស្រីលង្កាចោទប្រកាន់ ក្រុមភេរវករ ISIS ក៏បានចេញមុខអះអាងផងដែរថា ពួកគេគឺជាអ្នកនៅពីក្រោយការវាយប្រហារដ៏អាក្រក់នេះ ប៉ុន្តែពុំទាន់មានភស្តុតាងណាមួយ ដែលត្រូវបានរកឃើញដោយអាជ្ញាធរស្រីលង្កា ពាក់ព័ន្ធនឹងការលើកឡើងនេះឡើយ៕