(ម៉ូស្គូ)៖ ទីបំផុតប្រធានាធិបតីរុស្ស៊ីលោក វ៉ាឌីមៀ ពូទីន បានធ្វើដំណើរតាមឧទ្ធម្ភាគចក្រ ទៅដល់កោះរ៉ាស់ស្កាយ (Russky Island) ក្នុងទីក្រុង វ៉្លាឌីវ៉ូស្តូក (Vladivostok) ហើយ ដើម្បីត្រៀម ចូលរួមកិច្ចប្រជុំកំពូលជាមួយ ប្រមុខដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ដែលបានមកដល់ទីក្រុងនេះ តាមរថភ្លើង កាលពីល្ងាចថ្ងៃពុធម្សិលមិញ។ នេះបើតាមការដកស្រង់ ការផ្សាយចេញពី សារព័ត៌មាន Sputnik នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០១៩។

លោក ពូទីន បានធ្វើដំណើរតាមឧទ្ធម្ភាគចក្រ ទៅដល់ទីតាំងក្បែរសកលវិទ្យាល័យ FEFU ជាទីដែលរូបលោកនឹងត្រូវជួបពិភាក្សា ជាលើកដំបូងបំផុតជាមួយលោក គីម ជុងអ៊ុន ហើយលោកនឹងបន្តដំណើរទៅកាន់សាកលវិទ្យាល័យនោះ តាមក្បួនរថយន្ត។ យោងតាមវិមានក្រឹមឡាំង ជំនួបកំពូលនេះនឹងប្រព្រឹត្តទៅនាវេលាខ្ទង់ម៉ោង ២៖០០នាទី ឬក៏ ៣៖០០នាទីរសៀល (ម៉ោងនៅទីក្រុង Vladivostok) ហើយកិច្ចពិភាក្សានឹងត្រូវផ្តោតជាចម្បងទៅលើ ដំណោះស្រាយនយោបាយ និងការទូត សម្រាប់បញ្ហាអាវុធនុយក្លេអ៊ែរ នៅលើឧបទ្វីបកូរ៉េ។

គួរជម្រាបថា នេះគឺជាដំណើរទស្សនកិច្ចលើកទីមួយហើយរបស់លោក គីម ជុងអ៊ុន មកកាន់ប្រទេសរុស្ស៊ី ខណៈឪពុករបស់លោក គឺលោក គីម ជុងអ៊ីល ធ្លាប់បានមកទស្សនកិច្ច ០៣ដងនៅរុស្ស៊ី ដោយលើកចុងក្រោយ កាលពីឆ្នាំ២០១១។ ជំនួបនេះកើតមានឡើងបន្ទាប់ពី ជំនួបកំពូលើកទីពីរ ត្រាំ-គីម បានទទួលបរាជ័យនៅក្នុងប្រទេសវៀតណាម និង មិនមានសញ្ញាល្អចេញមកថា នឹងអាចកើតមានឡើងជាលើកទី ៣ នោះឡើយ៕