(កូឡុំបូ)៖ ប្រធានាធិបតីស្រីលង្កាលោក ម៉ៃស្រ៊ីផាឡា ស៊ីរីសេណា (Maithripala Sirisena) បានបង្គាប់ឲ្យរដ្ឋមន្រ្តីការពារជាតិ លោក ណេម៉ាស៊ីរី ហ្វែណាន់ដូ (Hemasiri Fernando) និងមេបញ្ជាការប៉ូលិស លោក ភូជីត ហ្សាយ៉ាសាន់ដារ៉ា (Pujith Jayasundara) លាលែងចេញពីតំណែងជាបន្ទាន់ ក្រោយបរាជ័យក្នុងការទប់ស្កាត់អំពើវាយប្រហារ ដោយបំផ្ទុះគ្រាប់បែកកាលពីថ្ងៃអាទិត្យ។ នេះបើតាមប្រភពពីក្រុមបុគ្គលដែលជិតស្និទ្ធនឹង លោកប្រធានាធិបតីស្រីលង្កា ដកស្រង់សម្តីដោយ​ទីភ្នាក់ងារព័ត៌មាន Reuters នៅល្ងាចថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០១៩។

កាលពីថ្ងៃអង្គារ លោក Sirisena បានប្រាប់ថា រូបលោកមិនត្រូវបានជូនដំណឹង​ អំពីព័ត៌មានទាក់ទងនឹងលទ្ធភាពដែលអាចកើតមាន ការវាយប្រហារនៅតាមវិហារគ្រិស្តសាសនា ដែលក្រុមមន្រ្តីស្រីលង្កាទទួលបានពីប្រទេសដទៃ មុនពេលមានការបំផ្ទុះគ្រាប់បែកយ៉ាងកក្រើក កាលពីថ្ងៃអាទិត្យឡើយ។ បើតាមប្រធានសភាស្រីលង្កា លោក ឡាកស៍មែន គីរាលឡា (Lakshman Kiriella) ព័ត៌មានទាក់ទិនការអាចកើតមាន ការវាយប្រហារដោយបំផ្ទុះអត្តឃាត គឺត្រូវបានប្រគល់មកពីស្ថាប័នស៊ើបការណ៍សម្ងាត់​របស់ប្រទេសឥណ្ឌា តាំងពីថ្ងៃទី០៤ ខែមេសា ហើយកិច្ចប្រជុំមួយនៃក្រុមប្រឹក្សាសន្តិសុខ បានធ្វើ ឡើងដោយមានប្រធានាធិបតី​លោក Sirisena ជាប្រធាននៅ ០៣ថ្ងៃបន្ទាប់ ប៉ុន្តែព័ត៌មាននោះពុំត្រូវបានចែករំលែកនោះទេ។

គួរជម្រាបថា តួលេខចុងក្រោយនៃជនរងគ្រោះ នៅក្នុងសកម្មភាពបំផ្ទុះគ្រាប់បែកអត្តឃាត​កាលពីប៉ុន្មានថ្ងៃមុន នៅប្រទេសស្រីលង្កាបានកើនដល់ ៣៥៩នាក់ និងរបួសខ្ទង់ ៥០០នាក់ ដោយក្នុងចំណោមអ្នកស្លាប់គឺមានជនបរទេស ៣៩នាក់។ រីឯជនបំផ្ទុះអត្តឃាតមាន ចំនួនសរុប ០៩នាក់ ក្នុងនោះម្នាក់ជាស្រ្តី ខណៈជនសង្ស័យជាង ៦០នាក់ហើយ ត្រូវបានចាប់ខ្លួនក្នុងប្រតិបត្តិការនៃការស៊ើបអង្កេត៕