(ម៉ូស្គូ)៖ រថភ្លើងរបស់ប្រមុខដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន នារសៀលថ្ងៃពុធនេះ បានទៅដល់ទីក្រុង វ៉្លាឌីវ៉ូស្តូក (Vladivostok) ដោយសុវត្ថិភាពជាទីដែលរូបលោក ត្រូវចូលរួមកិច្ចប្រជុំកំពូល ជាមួយប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន ជាលើកដំបូងបំផុត។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Spuntik នៅរសៀលថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០១៩។

នាវេលាព្រឹកនៅពេលឆ្លងចូលមកទឹកដីប្រទេសរុស្ស៊ី និងជួបជាមួយរដ្ឋមន្រ្តីទទួលបន្ទុក កិច្ចការងារអភិវឌ្ឍន៍នៅតំបន់រុស្ស៊ីចុងបូព៌ា លោក អាឡិចហ្សានដឺ ខូសឡូវ (Alexander Kozlov) ក្នុងក្រុងខាសាន (Khasan) លោក គីម ជុងអ៊ុន បានបង្ហាញការជឿជាក់ថា ដំណើរទស្សនកិច្ចនេះ ព្រមទាំងកិច្ចពិភាក្សាផ្សេងៗ នឹងទទួលបានជោគជ័យ ហើយលោកសង្ឃឹមថា នឹងអាចសហការជាមួយលោក ពូទីន ដើម្បីឈានទៅរកការសម្រេចបាននូវសន្តិភាព ក្នុងតំបន់ឧបទ្វីបកូរ៉េ និងដើម្បីអភិវឌ្ឍន៍ ទំនងទំនងរវាងប្រទេសទាំងពីរ។

គួរបញ្ជាក់តាមវិមានក្រឹមឡាំងថា លោក គីម និង លោក ពូទីន នឹងជួបគ្នានាថ្ងៃព្រហស្បតិ៍ស្អែកនៅទីក្រុង Vladivostok ដើម្បីជជែកពាក់ព័ន្ធនឹងបញ្ហា កម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងព្យុងយ៉ាង ។ នេះគឺជាដំណើរទស្សនកិច្ចលើកទីមួយហើយ របស់លោក គីម ជុងអ៊ុន មកកាន់ប្រទេសរុស្ស៊ី ខណៈឪពុករបស់លោក គឺលោក គីម ជុងអ៊ីល ធ្លាប់បានមកទស្សនកិច្ច ០៣ដងនៅរុស្ស៊ី ដោយលើកចុងក្រោយ កាលពីឆ្នាំ២០១១៕