(កូឡុំបូ)៖ ស្ថានទូតសហរដ្ឋអាមេរិកប្រចាំប្រទេសស្រីលង្កាបានឲ្យដឹងថា ទីភ្នាក់ងារ ស៊ើបអង្កេតសហព័ន្ធអាមេរិក FBI បានមកដល់ប្រទេសដីកោះហើយ ដើម្បីសហការជាមួយ អាជ្ញាធរស្រីលង្កាក្នុងការស៊ើបអង្កេតករណីបំផ្ទុះគ្រាប់បែកជាច្រើនករណី ដែលមានគោលដៅ ទៅលើក្រុមអ្នកកាន់សាសនាគ្រិស្ត និងបានបណ្តាលឲ្យមនុស្សស្លាប់រហូតដល់ ៣៥៩នាក់។ នេះបើតាមការចេញផ្សាយដោយ US News នារសៀលថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០១៩។

ដោយឡែកប្រធានាធិបតីស្រីលង្កាក៏បានប្តេជ្ញាផងដែរថា នឹងធ្វើការដោះដូរក្រុមមន្រ្តីផ្នែកការពារសន្តិសុខជាតិ ក្រោយភាពបរាជ័យក្នុងការទប់ស្កាត់ការ បំផ្ទុះគ្រាប់បែកជាច្រើនករណីកាលពីថ្ងៃអាទិត្យ ស្របពេលដែលមន្រ្តីមួយចំនួនទំនង ជាទទួលបានព័ត៌មានថា អាចមានការវាយប្រហារទាំងនេះ តែនៅមិនអាចទប់ស្កាត់ទាន់ពេល។

ប្រធានាធិបតីស្រីលង្កា លោក ម៉ៃស្រ៊ីផាឡា ស៊ឺរីសេណា (Maithripala Sirisena) បាននិយាយថា លោកនឹងធ្វើការផ្លាស់ប្តូរទ្រង់ទ្រាយធំនៅក្នុងជួរថ្នាក់ដឹកនាំ ផ្នែករក្សាសន្តិសុខជាតិនាពេលឆាប់ៗខាងមុខ ហើយលោកក៏បានសន្យាថា នឹងធ្វើការកែទម្រង់ទាំងស្រុងនៅក្នុងស្ថាប័នប៉ូលិសក៏ដូចជា យោធាផងដែរ។ បើតាមការអះអាងរបស់លោក Sirisena គឺក្រុមមន្រ្តីសន្តិសុខមួយចំនួន ដែលទទួលបានរបាយការណ៍ចារកម្មពីបរទេស តែមិនបានជូនដំណឹងនេះដល់រូបលោក។

គួរជម្រាបថា បើតាមទីភ្នាក់ងារព័ត៌មាន Reuters មុនពេលកើតមានករណីបំផ្ទុះគ្រាប់បែក កាលពីថ្ងៃអាទិត្យ ក្រុមមន្រ្តីស៊ើបការណ៍សម្ងាត់របស់ស្រីលង្កា ទទួលបានការព្រមាន ពីប្រទេសឥណ្ឌាថាអាចមានការវាយប្រហារទាំងនេះ។ ចំណែកឯនាយករដ្ឋមន្រ្តីស្រីលង្កា លោក រ៉ានីល វីកគ្រែមែស៊ីង (Ranil Wickremesinghe) ក៏បានអះអាងដែរថា លោកមិនបានទទួលព័ត៌មានណាមួយពីក្រុមមន្រ្តីផ្នែកសន្តិសុខស្រីលង្កា ទាក់ទឹងនឹងលទ្ធភាពដែលអាចកើតមានឡើង នៃសកម្មភាពវាយប្រហារនោះឡើយ៕