(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានរិះគន់ប្រទេសកាណាដាយ៉ាងខ្លាំង សម្រាប់ការបរាជ័យក្នុងការ ចាត់វិធានសកម្មភាពលើសំរាម ដែលខ្លួនបានដឹកមកកាន់ប្រទេស ក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ កាលពីពេលកន្លងទៅ ហើយលោក ឌូតឺតេ ក៏បានឆ្លើយតបធ្ងន់ៗត្រឡប់ទៅវិញថា ហ្វីលីពីនមិនមែនជាកន្លែងចាក់សំរាមនោះទេ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០១៩។

នៅក្នុងសប្ដាហ៍នេះ លោក ឌូតឺតេ បានព្រមានថា នឹងដឹកសំរាមត្រឡប់ទៅកាន់ ប្រទេសកាណាដាវិញ។ ប៉ុន្តែរដ្ឋាភិបាលកាណាដា បានបង្ហាញការប្ដេជ្ញាចិត្តយ៉ាងមុតមាំថា នឹងដោះស្រាយបញ្ហានេះជាមួយជាទីក្រុងម៉ានីល។ លោក ឌូតឺតេ បានបញ្ជាក់នៅក្នុង សន្ទរកថាមួយ នៅថ្ងៃចន្ទសប្ដាហ៍នេះយ៉ាងដូច្នេះថា «កាណាដាគួរតែយកសំរាម ចេញពីប្រទេសរបស់ពួកយើងដោយខ្លួនឯង ឬក៏ចង់ឱ្យដឹកទៅវិញផ្ទាល់... ព្រោះហ្វីលីពីនមិនមែនជាកន្លែងចាក់សំរាមសម្រាប់ប្រទេសណាមួយ រួមទាំងកាណាដានោះឡើយ...»

គួរបញ្ជាក់ថា ហ្វីលីពីនបានប្ដឹងតាមផ្លូវការទូតជាច្រើនលើក ប្រឆាំងនឹងកាណាដា ពាក់ព័ន្ធនឹងសំរាមរាប់តោនដែលខ្លួនបានដឹកមកកាន់ប្រទេសហ្វីលីពីន នៅចន្លោះឆ្នាំ២០១៣ និង២០១៤។ មិនតែប៉ុណ្ណោះ ទីក្រុងម៉ានីលក៏បានចោទប្រកាន់ថា មានសំរាមរាប់ តោនក្នុងទូរកុងទ័រនឺ ដែលកាណាដាដឹកមកកាន់កំពង់ផែ Manila International Container Port មិនមែនជាសំរាមប្លាស្ទិច ឬសំរាមអាចកែច្នៃបាននោះទេ ពោលគឺសុទ្ធតែជាកាកសំណល់ប្រើប្រាស់ នៅក្នុងផ្ទះរួចប៉ុណ្ណោះ៕