(ម៉ូស្គូ)៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុននឹងបំពេញដំណើរទស្សនកិច្ចមកកាន់ប្រទេសរុស្ស៊ី នៅថ្ងៃទី២៥ ខែមេសានេះ ដើម្បីជួបពិភាក្សាជាលើកដំបូងបំផុតជាមួយលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន RT នៅថ្ងៃអង្គារ ទី២៣ ខែមេសា ឆ្នាំ២០១៩។

សារព័ត៌មាន RT ផ្អែកលើប្រភពដែលខ្លួនទទួលបាន បានបញ្ជាក់ទៀតថា លោក គីម ជុងអ៊ុន និងលោក ពូទីន នឹងជួបគ្នា នៅឯទីក្រុង Vladivostok ស្ថិតនៅភាគខាងកើតបំផុតប្រទេសរុស្ស៊ី ខណៈសារព័ត៌មានរដ្ឋកូរ៉េខាងជើងនៅព្រឹកថ្ងៃអង្គារនេះ ក៏បានទទួលស្គាល់ដែរពីដំណើរទស្សនកិច្ចនេះ។ បន្ថែមពីលើនេះ បើទោះជារបៀបវារៈនៃកិច្ចប្រជុំមិនទាន់ត្រូវបានគេ ទម្លាយក៏ដោយ តែគេរំពឹងថាមេដឹកនាំទាំង២នឹងជជែកគ្នាពីទំនាក់ទំនងទ្វេភាគី និងសំណុំរឿងឧបទ្វីបកូរ៉េ។

គួរបញ្ជាក់ថា កិច្ចប្រជុំរវាងលោក គីម ជុងអ៊ុន និងប្រធានាធិបតីលោក វ្ល៉ាឌីមៀ ពូទីន នឹងក្លាយជាជំនួបលើកដំបូងបំផុត រវាងមេដឹកនាំទាំងពីរក្នុងរយៈពេល០៨ឆ្នាំមកនេះ ពោលគឺគិតចាប់តាំងពីលោក គីម ឡើងកាន់អំណាចកាលពីឆ្នាំ២០១១ មក។ ម្យ៉ាងទៀតវាក៏ជាលើកទី៤ផងដែរ ដែលលោកធ្វើទស្សនកិច្ចទៅក្រៅប្រទេស បន្ទាប់ពីកិច្ចប្រជុំកំពូលលើកទី២ជាមួយ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ក្នុងទីក្រុងហាណូយ ប្រទេសវៀតណាមកាលពីខែកុម្ភៈ កន្លងទៅទទួលបរាជ័យ ដោយលោក គីម ធ្លាប់បំពេញទស្សនកិច្ចលើកដំបូងនៅចិន, ទីពីរនៅសិង្ហបុរី និងទីបីនៅវៀតណាម៕