(ពិភពលោក)៖ នៅថ្ងៃអង្គារ ទី២៣ ខែមេសា ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ ចំនួនមនុស្សស្លាប់បានកើនឡើងដល់១៦នាក់ហើយ ក្រោយគ្រោះរញ្ជួយកម្រិត ៦.១រ៉ិចទ័រវាយប្រហារភាគខាងជើង ប្រទេសហ្វីលីពីន កាលពីល្ងាចថ្ងៃចន្ទ ខណៈនៅថ្ងៃអង្គារនេះទើបមានគ្រោះរញ្ជួយដីបន្ថែមទៀតកម្រិត ៦.៥រ៉ិចទ័រ វាយប្រហារដែនកោះភាគខាងត្បូងហ្វីលីពីន៕

 

២៖ មនុស្សច្រើនជាង ៥០នាក់នៅឯប្រទេសមីយ៉ាន់ម៉ា ទំនងជាអាចបាត់បង់ជីវិតក្នុងហេតុការណ៍បាក់រលំអណ្តូងរ៉ែត្បូង មួយ កាលពីយប់ថ្ងៃចន្ទម្សិលមិញ៕

 

៣៖ អតីតប្រធានាធិបតីវៀតណាម លោក ឡេ ដឹកអាញ់ (Le Duc Anh) ដែលធ្លាប់ជាមេទ័ពដឹកនាំកម្លាំងវៀតណាម ទៅជួយកម្ពុជាផ្តួលរំលំ របបប្រល័យពូជសាសន៍ខ្មែរក្រហមនោះ បានទទួលមរណភាពហើយនៅអាយុ ៩៩ឆ្នាំ៕

 

៤៖ ទីបំផុតបណ្តាញភេរវករ ISIS ដែលទើបតែបានស្ងប់ស្ងាត់បានមួយរយៈនោះ ទើបចេញមុខអះអាងថាខ្លួនជាអ្នកស្ថិត នៅពីក្រោយការវាយប្រហារ ដោយបំផ្ទុះគ្រាប់បែកនៅវិហារសាសនាគ្រិស្ត នៅក្នុងប្រទេសស្រីលង្កាកាលពីថ្ងៃអាទិត្យ សប្តាហ៍មុន ដោយបានឆក់យកជីវិតមនុស្ស ៣២១នាក់ និងប្រមាណ ៥០០នាក់របួស៕

 

៥៖ តុលាការកំពូលនៅប្រទេសមីយ៉ាន់ម៉ានៅថ្ងៃអង្គារនេះ បានច្រានចោលបណ្តឹងឧទ្ធរណ៍របស់អ្នកកាសែត Reuters ទាំងពីររូប ដែលត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារ ០៧ឆ្នាំ ដោយសារការល្មើសនឹង ច្បាប់រក្សាការសម្ងាត់របស់មីយ៉ាន់ម៉ា៕

 

៦៖ កងនាវាអាមេរិកបានឱ្យដឹងថា បច្ចុប្បន្ន កងកម្លាំងនៃនាវាផ្ទុកយន្ដហោះចម្បាំងចំនួន ០២គ្រឿងកំពុងធ្វើប្រតិបត្តិការ នៅសមុទ្រមេឌីទែរ៉ាណេ ដែលនេះគឺជាការសម្ញែងសាច់ដុំដ៏កម្រ មិនធ្លាប់មានចាប់តាំងពីឆ្នាំ២០១៦៕