(រ៉ង់ហ្គូន)៖ មនុស្សច្រើនជាង ៥០នាក់នៅឯប្រទេសមីយ៉ាន់ម៉ា ទំនងជាអាចបាត់បង់ជីវិត ក្នុងហេតុការណ៍បាក់រលំអណ្តូងរ៉ែត្បូងមួយ កាលពីយប់ថ្ងៃចន្ទម្សិលមិញ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មាន Reuters នៅល្ងាចថ្ងៃអង្គារ ទី២៣ ខែមេសា ឆ្នាំ២០១៩។

ទោះជាបែបនេះក្តី បើតាមការឲ្យដឹងរបស់រដ្ឋាភិបាលមីយ៉ាន់ម៉ានាថ្ងៃចន្ទនេះ សាកសពមនុស្សត្រឹម ០៣នាក់ប៉ុណ្ណោះទើបត្រូវបានគេទាញចេញមកក្រៅ ពីក្រោមគំនរ នៃអណ្តូងរ៉ែត្បូងដែលបាក់ស្រុតនៅតំបន់ហាផាខាន់ (Hpakant) នៃរដ្ឋកាឈីន (Kachin) ភាគខាងជើងប្រទេស។ នៅពេលដែលហេតុការណ៍នេះបានកើតឡើង គឺកម្មករសរុបចំនួន ៥៤នាក់ នៃក្រុមហ៊ុនរុករករ៉ែចំនួន ០២ ព្រមទាំងគ្រឿងចក្រ ៤០គ្រឿងទៀត មានវត្តមានទីនោះ។

គួរជម្រាបថា គ្រោះរអិលបាក់ដីអាក្រក់ៗ និងគ្រោះថ្នាក់ផ្សេងៗទៀត តែងតែកើតមានឡើងជារឿយៗ នៅតាមទីតាំងរុករករ៉ែនៅ តំបន់សម្បូរធនធានត្បូង Hpakant៕