(ម៉ានីល)៖ ចំនួនមនុស្សស្លាប់បានកើនឡើងដល់ ១៦នាក់ហើយ ក្រោយគ្រោះរញ្ជួយកម្រិត ៦.១រ៉ិចទ័រវាយប្រហារភាគខាងជើង ប្រទេសហ្វីលីពីន កាលពីល្ងាចថ្ងៃចន្ទ ខណៈនៅថ្ងៃអង្គារនេះទើបមានគ្រោះរញ្ជួយដីបន្ថែមទៀតកម្រិត ៦.៥រ៉ិចទ័រ វាយប្រហារដែនកោះភាគខាងត្បូងហ្វីលីពីន ខណៈក្រុមជួយសង្រ្គោះកំពុងញាប់ដៃញាប់ជើង ជាខ្លាំង ដើម្បីតាមរកអ្នកផ្សេងទៀត ដែលអាចនៅជាប់ក្រោមគំនរអគារនានា ដែលបានដួលរលំ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃអង្គារ ទី២៣ ខែមេសា ឆ្នាំ២០១៩។

បើតាមទីភ្នាក់ងារឃ្លាំមើលហេតុការណ៍គ្រោះរញ្ជួយដីរបស់ហ្វីលីពីន គ្រោះរញ្ជួយដី កាលពីថ្ងៃចន្ទនោះមានកម្រិត ៦.១រ៉ិចទ័រ និងជម្រៅប្រហែលជាង ១០គីឡូម៉ែត្រ ក្រោមផ្ទៃដី នៅភាគខាងលិចរដ្ឋធានីម៉ានីល ហើយសម្រាប់គ្រោះរញ្ជួយដីនៅថ្ងៃអង្គារនេះវិញ គឺមិនទាន់មានសេចក្តីរាយការណ៍អំពីការខូចខាត និងមនុស្សរងគ្រោះនោះឡើយ។

បើតាមអាជ្ញាធរហ្វីលីពីន តំបន់ដែលរងគ្រោះធ្ងន់ធ្ងរជាងគេគឺខេត្ត ផាមផាងហ្គា (Pampanga)។ ក្រៅពីមនុស្សស្លាប់ទាំង ១៦នាក់ ក៏មានមនុស្សជាច្រើននាក់ទៀត បានរងរបួសផងដែរ រួមទាំងអ្នកនៅក្នុងទីក្រុងម៉ានីលផ្ទាល់ ខណៈចំនួនពិតប្រាកដ គឺមិនទាន់មានការបញ្ជាក់នោះឡើយ។ សំណង់គារផ្សេងៗរួមមាន ផ្សារទំនើប អាកាសយានដ្ឋាន និងវិហារចាស់ៗសុទ្ធតែបានរងការខូចខាតពីមធ្យមទៅធ្ងន់ធ្ងរ។

គួរជម្រាបថា ហ្វីលីពីនស្ថិតនៅលើតំបន់គេហៅថា ខ្សែក្រវាត់ភ្នំភ្លើងនៃមហាសមុទ្រប៉ាស៊ីហ្វិក ជាទីដែលគ្រោះរញ្ជួយដីប្រមាណជា ៩០ភាគរយតែងកើតមានឡើង។ ដោយឡែក គ្រោះរញ្ជួយដី ដ៏អាក្រក់ចុងក្រោយគេ ដែលបានវាយប្រហារប្រទេសហ្វីលីពីន គឺមានកម្រិត ៧.១រ៉ិចទ័រ ដែលបានផ្តាច់ជីវិតមនុស្សជាង ២២០នាក់ នៅភាគកណ្តាលប្រទេសហ្វីលពីន កាលពីកំឡុងខែតុលា ឆ្នាំ២០១៣៕