(ស្រីលង្កា)៖ ប៉ូលិសស្រីលង្កា នៅថ្ងៃចន្ទនេះបានរកឃើញ ឧបករណ៍ចុចបញ្ជាឲ្យគ្រាប់បែកផ្ទុះជាង ៨០គ្រឿងនៅឯចំណត រថយន្ដក្រុងដ៏សំខាន់មួយក្នុងទីក្រុងកូឡុំបូ (Colombo) ធំបំផុតរបស់ស្រីលង្កា។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន RT នៅល្ងាចថ្ងៃចន្ទ ទី២២ ខែមេសា ឆ្នាំ២០១៩។

ការរកឃើញឧបករណ៍ចុចបញ្ជាបំផ្ទុះគ្រាប់បែកខាងលើ កើតមានឡើង បន្ទាប់ពីការមានការវាយប្រហារ ដោយបំផ្ទុះគ្រាប់បែកសម្លាប់ជីវិតមនុស្ស ២៩០នាក់ និងរបួសជាង ៥០០នាក់កាលពីថ្ងៃអាទិត្យ។ លើសពីនេះទៅទៀត នៅថ្ងៃចន្ទនេះដែរ អាជ្ញាធរស្រីលង្កាក៏បានដាក់នូវបម្រាមគោចរជាលើកទី ២ សម្រាប់ប្រជាជននៅក្នុងទីក្រុង Colombo ផងដែរចាប់ពីម៉ោង ៨៖០០នាទីយប់ថ្ងៃចន្ទនេះ រហូតដល់ម៉ោង ៤៖០០នាទីព្រឹកថ្ងៃអង្គារស្អែក ស្របពេលប្រធានាធិបតីលោក ម៉ៃស្រ៊ីផាឡា ស៊ីរីសេណា (Maithripala Sirisena) នឹងប្រកាសដាក់ប្រទេស ក្នុងភាពអាសន្ន ថ្នាក់ជាតិ ចាប់ពីពាក់កណ្ដាលយប់ថ្ងៃដដែល។

គួរជម្រាបថា កាលពីវេលាម៉ោង ០៨៖៤៥នាទីព្រឹក ថ្ងៃអាទិត្យចំថ្ងៃបុណ្យគ្រិស្តសាសនា Easter Sunday ហេតុការណ៍ ផ្ទុះគ្រាប់បែកបានកើតមានឡើងនៅវិហារ Anthony's Shrine ព្រមទាំង សណ្ឋាគារចំនួនបីរួមមាន ស៊ីនណាម៉ុនហ្គ្រេនដ៍ (Cinnamon Grand), សាំងគ្រីឡា (Shangri-La Hotel), និង ឃីងប៊ឺរី (The Kingsbury) នៅឯរដ្ឋធានី កូឡុំបូ (Colombo)។

ក្នុងពេលទន្ទឹមគ្នានេះ គ្រាប់បែកក៏បានផ្ទុះនៅវិហារ សេបាស្ទាន (St. Sebastian's Church) ក្នុងក្រុង ណេហ្គមបូ (Negombo) ដែលមានចម្ងាយ ៣៥គីឡូម៉ែត្រភាគខាងជើងពីរដ្ឋធានី Colombo និងនៅវិហារហ្ស៊ីយ៉ូន (Zion Church) ក្នុងក្រុងបាត់ធីខាឡាវ (Batticaloa) ស្ថិតនៅចម្ងាយជាង ៣០០គីឡូម៉ែត្រពី Colombo នៅឯឆ្នេរភាគខាងកើតប្រទេស ស្រីលង្កាផងដែរ។

ក្រៅពីករណីផ្ទុះទាំង ០៦លើកនេះការផ្ទុះគ្រាប់បែក ០២លើកទៀតក៏បានកើតមានឡើងថែមទៀត នៅអំឡុងរសៀល ថ្ងៃដដែល ដោយក្នុងនោះគឺនៅសណ្ឋាគារមួយកន្លែងទៀតក្នុងទីក្រុង ឌេហ៊ីវ៉ាឡាឡាវីនផ (Dehiwala-Mount Lavinia) ភាគខាងត្បូងទីក្រុង Colombo ព្រមទាំង នៅលំនៅឋានឯកជនមួយកន្លែងក្នុងតំបន់ ដាម៉ាតាហ្គោដា (Damatagoda) នៃរដ្ឋធានី Colombo ចំពេលប៉ូលិសបើកប្រតិបត្តិការចុះឆែកឆេរ ទាក់ទងនឹងការផ្ទុះកាលពីពេលព្រឹក ដែលជាលទ្ធផលបានបណ្តាលឲ្យមន្រ្តីប៉ូលិស ០៣នាក់បាត់បង់ជីវិត។

តែយ៉ាងណាមកទល់នឹងពេលនេះ មិនទាន់មានក្រុមណាមួយចេញមុខ ទទួលខុសត្រូវលើការវាយប្រហារនេះ នៅឡើយទេ ខណៈជនសង្ស័យ ២៤នាក់ត្រូវបានចាប់ខ្លួន ហើយអាជ្ញាធរស្រីលង្កា ផ្ទាល់សន្និដ្ឋានថា គម្រោងវាយប្រហារអាចមានពាក់ព័ន្ធ នឹងបណ្ដាញភេរវករនៅបរទេស៕