(សីង្ហបុរី)៖ សហគមន៍អន្តរជាតិបានសម្ដែងមរណទុក្ខយ៉ាងក្រៀមក្រំ ដល់ជនគ្រោះដែលបានបាត់ជីវិតនៅក្នុងការប្រហារ បំផ្ទុះគ្រាប់ដ៏ប្រល័យនៅក្នុង​ប្រទេសស្រីលង្កា។ ការវាយប្រហារនេះបានសម្លាប់ជីវិតមនុស្ស ២៩០នាក់ និងជាង ៥០០នាក់រងរបួស។ នេះបើតាមការចេញផ្សាយដោយ​សារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃចន្ទ ទី២២ ខែមេសា ឆ្នាំ២០១៩។

ដើម្បីជាការចូលរួមរំលែកទុក្ខខាងលើនេះ ប៉ម Eiffel Tower ក្នុងទីក្រុងប៉ារីសប្រទេសបារាំង បានបិទភ្លើងកាលពីកណ្ដាលយប់ថ្ងៃអាទិត្យ ដើម្បីគោរពវិញ្ញាណក្ខន្ធជនរងគ្រោះ។ មិនតែប៉ុណ្ណោះ សូម្បីតែវិចិត្រករឥណ្ឌា​ដ៏ល្បីម្នាក់ក៏បានពូនខ្សាច់ជារូប វិហារគ្រិស្ដឧទិសដល់ជនរងគ្រោះផងដែរ ខណៈមុនការប្រកួតបាល់ទាត់រវាងក្លឹប Real Madrid និង Athletic Bilbao នៅឯពហុកីឡដ្ឋាន សាន់ត្យាហ្គោ ប៊ែណាប៊ឺ (Santiago Bernabeu) ក្រុមកីឡាករទាំងពីរបានស្មឹងស្មាត​រយៈពេលមួយនាទី។

លើសពីនេះទៅទៀតប្រមុខសាសនាធំ និងមេដឹកនាំរួមទាំងអាមេរិក អង់គ្លេស តួកគី បារាំង អាល្លឺម៉ង់ជាដើម សុទ្ធតែបានចេញមុខថ្កោលទោសយ៉ាងខ្លាំងក្លា ចំពោះការវាយប្រហារដ៏គួរឱ្យស្អប់ខ្ពើមនេះ។ ដោយឡែកអាជ្ញាធរស្រីលង្កាវិញ​បានសម្រេចបិទ​ជាបណ្តោះអាសន្ន​នូវបណ្តាញសង្គមធំៗដូចជា Facebook, WhatsApp, YouTube, Instagram, Snapchat និង Viber ជាដើម ដើម្បីបញ្ចៀសភាពចលាចលនានា។

គួរបញ្ជាក់ថា បើតាមរដ្ឋាភិបាលស្រីលង្កា ក្នុងចំណោមអ្នកស្លាប់ទាំង ២៩០នាក់មាន ៣២នាក់ជាជនបរទេសដូចជា អង់គ្លេស អាមេរិក តួកគី ឥណ្ឌា ចិន ដាណឺម៉ាក ហូឡង់ និងជប៉ុន។ ប៉ុន្តែមកទល់នឹងពេលមិនទាន់មានក្រុមណាមួយចេញ មុខទទួលខុសត្រូវនៅឡើយទេ ស្របពេលមនុស្ស ២៤នាក់​ត្រូវបានចាប់ខ្លួនក្រោមក្របខណ្ឌ នៃការស៊ើបអង្កេតលើការ វាយប្រហារបំផ្ទុះគ្រាប់បែកកាលពីថ្ងៃអាទិត្យ៕