(វ៉ាស៊ីនតោន)៖ ក្រសួងការបរទេសអាមេរិក កំពុងត្រៀមប្រកាសសេចក្តីព្រមានម្តងទៀតថា រាល់ប្រទេសទាំងអស់លើពិភពលោក ដែលនៅតែបន្តទិញប្រេងពីអ៊ីរ៉ង់នោះនឹងត្រូវ ប្រឈមមុខនឹងការដាក់ទណ្ឌកម្មពីសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន The Washington Post នៅព្រឹកថ្ងៃចន្ទ ទី២២ ខែមេសា ឆ្នាំ២០១៩។

The Washington Post ធ្វើសេចក្ដីរាយការណ៍បែបនេះ ដោយផ្អែកលើប្រភពដែលខ្លួនទទួលបានពី មន្ត្រីក្រសួងការបរទេសអាមេរិកពីររូប ក្នុងលក្ខខណ្ឌមិនបញ្ចេញអត្តសញ្ញាណ ជាមួយការបញ្ជាក់ថា លោករដ្ឋមន្ត្រីការបរទេស ម៉ៃក៍ ប៉ុមប៉េអូ នឹងប្រកាសនៅព្រឹកថ្ងៃចន្ទនេះ (ម៉ោងនៅអាមេរិក) ថាចាប់ពីថ្ងៃទី២ ខែឧសភាតទៅ បើបណ្ដាប្រទេសទាំងឡាយណា ដែលនៅតែបន្តនាំចូលប្រេងពីអ៊ីរ៉ង់ នោះពួកគេអាចនឹងទទួលរងទណ្ឌកម្មពីសហរដ្ឋអាមេរិក។

លើសពីនេះទៅទៀត មន្ត្រីពីររូបនេះដដែលបានបញ្ជាក់ដែរថា គោលនយោបាយដាក់ទណ្ឌកម្មនេះ គឺជាតម្លៃតបស្នងមួយចំពោះអាកប្បកិរិយាទំនើង ព្រមទាំងការគំរាមកំហែងដល់សន្តិសុខ និងសន្តិភាពនៅក្នុងតំបន់របស់អ៊ីរ៉ង់។

គួរជម្រាបថា ការប្រកាសដាក់ទណ្ឌកម្មលើបណ្ដាប្រទេស ដែលទិញប្រេងពីអ៊ីរ៉ង់ នឹងកើតមានឡើងតែជិតមួយឆ្នាំប៉ុណ្ណោះ បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ដកទីក្រុងវ៉ាស៊ីនតោន ចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់។ បន្ថែមពីនេះកាលពី សប្តាហ៍មុន អ៊ីរ៉ង់ក៏បានប្រកាសពីផែនការសងសឹកវិញផងដែរ ដោយក្នុងនោះរួមមាន ការហាមឃាត់ទំនិញពីក្រុមហ៊ុនអាមេរិកទាំងអស់ មិនឲ្យនាំចូលទឹកដីអ៊ីរ៉ង់ទៀតឡើយ៕