(ហាណូយ)៖ សហរដ្ឋអាមេរិកបានដាក់ចេញនូវប្រតិបត្តិការបោសសំអាត ត្រូវចំណាយប្រាក់រាប់រយលានដុល្លារនៅឯ មូលដ្ឋានទ័ពអាកាសមួយកន្លែងក្នុងប្រទេសវៀតណាម ដែលខ្លួនធ្លាប់ប្រើប្រាស់ជាកន្លែងស្ដុកទុកសារធាតុគីមី Agent Orange។ នេះបើតាម USAID ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃអាទិត្យ ទី២១ ខែមេសា ឆ្នាំ២០១៩។

យោងតាមទីភ្នាក់ងារអភិវឌ្ឍន៍អាមេរិក USAID ដែលទទួលខុសត្រូវលើគម្រោងបោសសំអាតនេះ សហរដ្ឋអាមេរិក នឹងចំណាយប្រាក់ជាង១៨៣លានដុល្លារក្នុងរយៈពេល១០ឆ្នាំ ដើម្បីសំអាតសារធាតុគីមី Agent Orange នៅឯ អាកាសយានដ្ឋាន Bien Hoa ស្ថិតនៅខាងក្រៅទីក្រុងហូជីមិញ។ សហរដ្ឋអាមេរិកបានប្រើប្រាស់សារធាតុគីមី Agent Orange វាយប្រហារលើកងទ័ពវៀតណាមនៅក្នុងព្រៃ និងដើម្បីកំណត់ពីទីតាំងសត្រូវនៅអំឡុងសម័យសង្រ្គាម វៀតណាម។

គួរជម្រាបថា កន្លងទៅប៉ុន្មានទសវត្សរ៍មកហើយដែលប្រទេសវៀតណាម តែងតែធ្វើការតវ៉ា និងប្តឹងទៅកាន់តុលាការ អាមេរិកដើម្បីស្វែងរកយុត្តិធម៌ជូនជនរងគ្រោះ តាមរយៈការទាមទារសំណងរាប់លានដុល្លារអាមេរិក។ សមាគម VAVA បានសង្កត់ធ្ងន់ថាវាគឺដល់ពេលហើយសម្រាប់បណ្ដាក្រុមហ៊ុនអាមេរិក ក្នុងការទទួលខុសត្រូវចំពោះការផ្គត់ផ្គង់ សារធាតុគីមី Agent Orange ឲ្យទៅទាហានអាមេរិកដើម្បីប្រើប្រាស់ក្នុងសង្គ្រាមដ៏ជូរចត់អំឡុងឆ្នាំ១៩៦១-១៩៧១ ប្រឆាំងនឹងកងទ័ពវៀតកុង ដែលយ៉ាងហោចណាស់ថ្នាំគីមីប្រភេទនេះជិត ៥០លានលីត្រត្រូវបានអាមេរិកប្រើប្រាស់។

ឥទ្ធិពលដ៏អាក្រក់បំផុតនៃសារធាតុគីមី Agent Orange គឺវាមានផ្ទុក ឌីអុកសាំង (Dioxin) និងតុកសិក (Toxic) ក្នុងកម្រិតខ្ពស់បំផុត ហើយជនរងគ្រោះ ដែលប៉ះពាល់នឹង សារធាតុនេះ នឹងទទួលរងនូវបញ្ហាសុខភាពធ្ងន់ធ្ងរបំផុត ជាពិសេសស្ត្រីដែលពរពោះ និងផ្តល់កំណើតដល់ទារក, ជំងឺមហារីក, និងជំងឺបង្កឲ្យមនុស្សឆាប់ស្លាប់ផ្សេងៗទៀត។ វៀតណាមបានអះអាងថា បច្ចុប្បន្នអ្នកជំងឺរងគ្រោះដោយសារធាតុគីមី Orange Agent យ៉ាងហោចណាស់ក៏ មាន ៤.៨លាននាក់ដែរ៕