(ប៉ារីស)៖ ប៉ូលិសបារាំងបានសម្រេចចិត្តប្រើបា្រស់ឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីបំបែកហ្វូងបាតុករអាវកាក់ពណ៌លឿង ដែលនាំគ្នាធ្វើបាតុកម្មតវ៉ាប្រឆាំងរដ្ឋាភិបាលប្រធានាធិបតីបារាំង លោក ម៉ាក្រុង នៅចុងសប្ដាហ៍ទី២៣ជាប់ៗគ្នា។ នេះ​បើតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅថ្ងៃអាទិត្យ ទី២១ ខែមេសា ឆ្នាំ២០១៩។

បាតុកម្មតវ៉ាដ៏ហិង្សា និងភាពចលាចលបានផ្ទុះឡើងជាថ្មីកាលពីថ្ងៃសៅរ៍ នៅឯទីក្រុងប៉ារីស ក្រោយក្រុមបាតុករអាវ កាក់ពណ៌លឿងមួយចំនួនគប់ភ្លើងលើប៉ូលិស និងដុតបំផ្លាញម៉ូតូជាច្រើនគ្រឿង រហូតដល់បង្ខំឱ្យប៉ូលិសប្រើប្រាស់ ឧស្ម័នបង្ហូរទឹកភ្នែក និងកាណុងបាញ់ទឹក ព្រមទាំងឃាត់ខ្លួនមនុស្ស១៨២នាក់ផងដែរ។

គួរបញ្ជាក់ថា បើតាមក្រសួងមហាផ្ទៃបារាំង បាតុកម្មកាលពីថ្ងៃសៅរ៍ មានបាតុករអាវកាក់ពណ៌លឿងចូលរួមចំនួន ២៧,៩០០នាក់ នៅទូទាំងប្រទេស ហើយក្នុងនោះ៩,០០០នាក់នៅក្នុងទីក្រុងប៉ារីស។ ម្យ៉ាងវិញទៀត នេះគឺជាបាតុកម្ម តវ៉ានៅចុងសប្ដាហ៍ទី២៣ជាប់ៗគ្នា និងជាលើកដំបូងចាប់តាំងពីវិហារ Notre Dame ក្នុងទីក្រុងប៉ារីស ត្រូវបានអគ្គិភ័យ លេបត្របាក់៕